កូរ៉េខាងជើងអះអាងជាថ្មីថា ខិតប័ណ្ណរាប់លានត្រៀមរួចរាល់ហើយ ដើម្បីបង្ហោះសងសឹកកូរ៉េខាងត្បូងវិញ
កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជាក់សារជាថ្មីទៀតថា បាឡុងរាប់ពាន់របស់ខ្លួនបានត្រៀមរួចរាល់ហើយ ខណៈខិតប័ណ្ណឃោសនារាប់លានសន្លឹកក៏ត្រៀមរួចជាស្រេចហើយដែរ ដើម្បីបង្ហោះសងសឹកប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ការអះអាងម្តងទៀតរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា ប្រជាជនកូរ៉េខាងជើង ដែលមានកំហឹងនៅទូទាំងប្រទេស កំពុងជំរុញឆ្ពោះទៅមុខយ៉ាងសកម្ម ជាមួយនឹងការត្រៀមលក្ខណៈចែកចាយខិត្តប័ណ្ណដ៏ច្រើនសន្ធឹកសន្ធាប់គរដូចជាភ្នំ ដើម្បីថ្កោលទោសអ្នកនយោបាយរត់ចោលស្រុករបស់កូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីមានសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាងពីសំណាក់ជនភៀសខ្លួនកូរ៉េខាងជើង ដែលបានរត់ទៅជ្រកកោននៅកូរ៉េខាងត្បូង នៅតាមព្រំដែនប្រទេសទាំងពីររួចមក ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានស្គាល់ភាពតានតឹងឡើងខ្លាំងសារជាថ្មីម្តងទៀត ។ ដោយសារតែកូរ៉េខាងជើង បានចោទកូរ៉េខាងត្បូងថា មានចេតនាអាក្រក់ក្នុងការបណ្តែត បណ្តោយឲ្យសកម្មភាពទាំងនោះកើតឡើង បើទោះបីជាខ្លួនព្រមានម្តងហើយម្តងទៀត ៕