មេបញ្ជាការកងទ័ពកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការការងារគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃ២៨តុលាឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំជាមួយ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងរយៈពេលកន្លងមក។
ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤មក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង។
នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារៈ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនោះ។
សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស៕