ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានជម្រុញឲ្យគណបក្សក្រុងបាត់ដំបងនិងសង្កាត់ទាំង១០ បន្តការអនុវត្តការងារ ក្នុងការចុះធ្វើបច្ចុប្បន្នភាព តាមខ្នងផ្ទះ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងត្រៀមដណ្តើមប្រៀបឈ្នះសំរាប់ការបោះឆ្នោតសកល នាឆ្នាំ២០២៣ ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានកំណត់ដាក់ចេញនូវផែនការសកម្មភាព របស់គណបក្ស ដើម្បីជួយពង្រឹងដល់ការងារគណបក្សក្រុងនិងនៅគ្រប់បក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។ ក្នុងនោះ ឯកឧត្តមប្រធានក្រុមការងារ បានលើកយកស្ថានភាពរួមនិងពីទិដ្ឋភាពនយោបាយគោលការណ៍ និងទិសដៅការងាររបស់គណបក្សប្រជាជន ដោយបានធ្វើការណែនាំនិងក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំបក្សមូលដ្ឋាន ក្រុង-សង្កាត់ទាំងអស់ ឲ្យបន្តនូវសកម្មភាព និង ភាពសកម្មរបស់ខ្លួនជាមួយនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួនផ្ទាល់ ដើម្បីឲ្យពួកគាត់ បានយល់ដឹងជ្រួតជ្រាបពីគោលនយោបាយ អំពីសមិទ្ធផលរីចម្រើនរបស់គណបក្សនិងដើម្បីឲ្យពួកគាត់សម្រេចចិត្តត្រឹមត្រូវ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនឲ្យបានកាន់តែច្រើន សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតនៅពេលខាងមុខ ។

ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំ ដើម្បីពង្រឹងការអនុវត្តការងាររបស់គណបក្សប្រជាជនក្រុងបាត់ដំបង និងពិនិត្យតាមដានអំពីវឌ្ឍនភាពការងារគណបក្សក្ក្រុងកន្លងមក ហើយនៅក្នុងកិច្ចប្រជុំនេះក៏មានវត្តមាន ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយក្រុងឯកឧត្តមលោកជំទាវ ដែលជាប្រធាន-អនុប្រធាននៃក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានតាមបណ្តាសង្កាត់ទាំង១០ ព្រមទាំងថ្នាក់ដឹកនាំបក្ស-សមាជិកបក្សមូលដ្ឋានសង្កាត់ទាំង១០ នៅវេលាព្រឹក ថ្ងៃទី២១ ខែមិថុនានេះ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តប្រធាន និងឯកឧត្តមជាអនុប្រធាន ក៏បានជំរុញឲ្យថ្នាក់ដឹកនាំបក្សសង្កាត់ ត្រូវបន្តចុះធ្វើបច្ចុប្បន្នភាព ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីបានទទួលនូវអំណោយឧបត្ថម្ភពីសប្បរសជន។គ្រប់អាជ្ញាធរត្រូវបន្តពង្រឹងក្នុងការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ត្រូវខិតខំជម្រុញនិងបន្តការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រចាំឆ្នាំឲ្យបានទៀងទាត់។ ត្រូវធ្វើឲ្យសុក្រឹត្យ ចំពោះការកសាងនូវសមាជិកបក្សទាំងថ្មីទាំងចាស់ប្រកបដោយគុណភាព និងមានភក្តីភាពស្មោះត្រង់ធ្វើសកម្មភាពដើម្បីផលប្រយោជន៍គណបក្ស និងបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានក្រើនរំលឹកឲ្យអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំបក្សមូលដ្ឋាន ក្នុងក្រុងនិងសង្កាត់ ត្រូវពិនិត្យឲ្យបានច្បាស់នូវគ្រួសារដែលរងផលប៉ះពាល់ដោយកូវីដនិងមានវិធានការក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងនៅក្នុងមូលដ្ឋាន ដោយត្រូវកំណត់និងអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ- 19ឲ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបម្រើនិងធ្វើតែអំពើល្អដើម្បីជួយប្រជាពលរដ្ឋនិងមិនត្រូវគៀបសង្កត់ ទាមទារកម្រៃសេវា ខណៈដែលបងប្អូនមកទទួលសេវាផ្សេងៗ។

ឯកឧត្តម ងិន ឃន បានថ្លែងសង្កត់ធ្ងន់ដោយបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ត្រូវធ្វើអំពើល្អជាមួយពលរដ្ឋខ្លួន ត្រូវខិតខំបម្រើពួកគាត់ឲ្យបានល្អ ដើម្បីឲ្យពួកគាត់គាំទ្រ និង ជឿជាក់លើប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេស សម្ដេចក្រឡាហោម ស ខេង ដែលជា អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះជួយខេត្ត ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងដែលតែងតែផ្សារភ្ជាប់ពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងខេត្តគ្រប់កាលៈទេសៈកន្លងមក។

ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ក៏បានថ្លែងជម្រុញដល់គ្រប់មេបក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពនៃកម្មវិធីនយោបាយ គោលនយោបាយរបស់គណបក្ស និងពីក្រុមការងារគណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ដែលបានដាក់ចេញកន្លងមក។ ឯកឧត្តមប្រធានក៏បានជំរុញឲ្យគណបក្សមូលដ្ឋានសង្កាត់ បន្តសកម្មភាព ក្នុងការចុះធ្វើអនាម័យ និងបន្តការចុះបាញ់ថ្នាំក្នុងមូលដ្ឋាន និងបន្តធ្វើការអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យប្រកាន់ឲ្យបានខ្ជាប់ក្នុងការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានផ្តល់ថវិកា ចំនួន៥០ម៉ឺនរៀល ដល់គណបក្សក្រុង និងសង្កាត់ទាំង១០ ក្នុងមួយសង្កាត់ ថវិកា ១០ម៉ឺនរៀល និងអាល់កុល១ពីដុងស្មើចំណុះ៣០លីត្រ។ព្រមទាំងបានឧបត្ថម្ភដល់ក្រុមការងារនិងអ្នកចូលរួមក្នុងម្នាក់ៗ ចំនួន២ ម៉ឺនរៀលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner