ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញ សាក សួរសុខទុក្ខនិងឧបត្ថម្ភថវិកា សរុប ចំនួន១៣លាន៩០ម៉ឺនរៀលជូនន្រ្តីនគរបាល៦នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បន្តយកចិត្តទុកដាក់អញ្ជើញសាកសួរសុខទុក្ខមន្រ្តីនគរបាល០៦នាក់ ដែលបំរើការងារក្នុងអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ និងបានឧបត្ថម្ភថវិកាសរុប១៣លាន៩០ម៉ឺនរៀល ក្នុងនោះថវិកាឯកឧត្តមផ្ទាល់ចំនួន១៣លានរៀល ថវិកាលោកអធិការនគរបាលខណ្ឌច្បារអំពៅ៥០ម៉ឺនរៀល ថវិកាលោកអធិការនគរបាលខណ្ឌទួលគោក៤០ម៉ឺនរៀល និងសម្ភារ: មួយចំនួន ដើម្បីជួយដោះស្រាយទុក្ខលំបាកក្នុងជីវភាពនិងជាការបង្ហាញពីការគិតគូរខ្ពស់ប្រកបដោយទឹកចិត្តមនោសញ្ចេតនាអាណិតស្រលាញ់ចំពោះមន្រ្តីនគរបាលក្រោមឱវាទដែលជួបការលំបាក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍សំណេះសំណាលមន្រ្តីនគរបាលមានជំងឺនិងក្រុមគ្រួសារ ហើយក៏បានលើកទឹកចិត្ត ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំខិតខំប្រឹងប្រែងថែទាំរក្សាសុខភាពឱ្យបានល្អ។
ឯកឧត្តម ក៏បានមានប្រសាសន៍ទៀតថា ជានិច្ចជាកាលមន្រ្តីនគរបាល ក្រោមឱវាទដែលមានទុក្ខលំបាកខ្វះខាតក្នុងជីវភាព និងមានបញ្ហាជម្ងឺរ៉ាំរ៉ៃក៏ដូចជារងគ្រោះដោយឧបទ្ទវហេតុណាមួយនៅពេលបំពេញភារកិច្ចតែងតែទទួលបានការលើកទឹកចិត្ត និងចុះសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឧបត្ថម្ភថវិកាក្នុងការចូលរួមចំណែកជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពរបស់គ្រួសារនគរបាលដើម្បីជាការតបស្នងដែលបងប្អូនបានលះបង់កម្លាំងកាយចិត្តបំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ ជាមួយគ្នានោះឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានជូនពរពួកគាត់ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពរឹងមាំ នៅពេល ឆាប់ៗខាងមុខ ដើម្បីបន្តបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ ៕វិច្ឆការ