ស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប មានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពជាង២ពាន់ហិកតា នៅរដូវប្រាំង និងជិត៣ម៉ឺនហិកតា នៅរដូវវស្សា
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រព សម្រាប់ បង្កើនផលិតផលកសិកម្មបានចំនួន២.៤០០ហិកតា នៅរដូវប្រាំង និង២៨.៨៥០ហិកតា នៅរដូវវស្សា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការចុះពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺជាការចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញ បរិមាណទឹករក្សាទុកក្នុងអាងបាន១០០% ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋស្រុកជីក្រែង។
កាលពីព្រឹកមិញ ឯកឧត្តមរដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។
តាមរយៈការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ បានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់ តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់ នៅក្នុងអាងទឹក៕