ពលរដ្ឋ២០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយរបស់សម្ដេច ហេង សំរិន

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្របន្ថែមដោយគ្រោះជំនន់ទឹកភ្លៀង ចំនួន២០០គ្រួសារ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយមនុស្សធ៌ម របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវិទ្យា សៅ ទី ហេងសំរិន តាមរយៈតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងអំណោយរបស់សាលាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅបរិវេណវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ឃុត ចាន់ដារ៉ា បាននាំនូវផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវិទ្យា សៅ ទី ហេងសំរិន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា។

លោក ឃុត ចាន់ដារ៉ា បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំឲ្យ សមាជិក សមាជិកា រដ្ឋសភា ប្រចាំមណ្ឌលនីមួយៗចុះជាប្រចាំតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ ពីបញ្ហាប្រឈម និងពីតម្រូវការជាក់ស្តែង ដើម្បីរដ្ឋសភា ជួយជំរុញឲ្យរាជរដ្ឋាភិបាល ចាត់វិធានការដោះស្រាយឲ្យបានសមស្រប និងជាបន្ទាន់។

ជាមួយគ្នានេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្នុងសង្កាត់ចោមចៅទី១ មាន៨ភូមិ តែក្នុងនោះ៧ភូមិ ទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលសរុបមានចំនួន១,១៩២ខ្នងផ្ទះ ស្មើនឹង១,១៩២គ្រួសារ ដែលមានមនុស្សសរុប៥,៣០៩នាក់។ សម្រាប់ថ្ងៃនេះ បានជ្រើសរើសតែគ្រួសារណា ដែលរងគ្រោះហើយ និងមានជីវភាពខ្វះខាត ពោលស្ថិតក្នុងលំដាប់គ្រួសារក្រីក្រ មកទទួលបានអំណោយ។

លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ ដែលបានរួមចំណែកចែករំលែកអំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតជីវភាព ក្នុងសង្កាត់ចោមចៅទី១ នាឱកាសនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីសណ្តានចិត្តស្មោះស ដោយចិត្តសណ្តោសប្រណី និងការទទួលខុសត្រូវចំពោះសុខទុក្ខប្រជាពលរដ្ឋ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន។

អំណោយដែលចែកជូនប្រជាពលរដ្ឋ ទាំង២០០គ្រួសារនាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner