ភ្នំដា

ភ្នំដាមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលសម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង នៅលើភ្នំនេះ មានប្រាសាទអាស្រមមហាឫសី ដែលមានព្រះហរិហរៈ (ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា) មួយអង្គ អាយុកាលពាក់កណ្តាលសតវត្សទី៧ នៃ គ.ស. បច្ចុប្បន្នតម្កល់នៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង (សូមអ្នកស្រុកបារាំងជួយថត និងសែរផងដើម្បីកូនខ្មែរបានស្គាល់) និង​ប្រតិមាមួយចំនួនតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។

ក្រៅពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំ ដា នៅមានតម្លៃច្រើនទៀតរួមមាន៖ ទី១.ជីវ:ចម្រុះ(សត្វ-រុក្ខជាតិមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រ​មិនទាន់ដឹង) ទី២.សោភ័ណ្ឌភាពធម្មជាតិ ទី៣.កំសាន្ត និងលំហែអារម្មណ៍ទី៤.ជាភ្នំដែលមានរ៉ែមាស ឬលោហធាតុមានតម្លៃយើងមិនទាន់ដឹង។តម្លៃខាងលើរបស់ភ្នំដាត្រូវថែរក្សា និងការពារឱ្យបានគង់វង្សសម្រាប់​ជា​ប្រយោជន៍មនុស្សគ្រប់ជំនាន់ ដោយ​បង្កើតទៅជាតំបន់ការពារធម្មជាតិ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ)។ ភ្នំ ដា ស្ថិតត្រង់ចំណុចដែលមានរយៈទទឹង ១០°៥៧’៤៩” និង​រយៈបណ្តោយ ១០៤°៥៩’១៣” ក្នុងភូមិសាស្ត្រភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានចំងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយ ២៤ គីឡូម៉ែត្រពីក្រុងដូនកែវ។

តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលរបស់ភ្នំដា គឺប្រាសាទដែលកសាងនៅលើភ្នំ។ ភ្នំដាគឺ ជាគ្រឹះនគរបូរីកម្ពុជា (កន្លែងដុះដីមុនគេនៅប្រទេសកម្ពុជា)។ ពលរដ្ឋកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមី (ចំពោះអ្នកគោរពព្រហ្មញ្ញសាសនា) ដែលបានថែរក្សាតួប្រាសាទនេះឱ្យបានស្ថិតស្ថេរ និងជឿលើបុព្វបុរសខ្មែរដែលបានកសាង និងលះបង់កំលាំងកាយ កំលាំងចិត្ត កំលាំងប្រាជ្ញា ស្មារតី ពេលវេលា និងធនធានដើម្បីអភិរក្សតួប្រាសាទនេះឱ្យនៅមានរូបរាងដូចសព្វថ្ងៃ ពោលគឺជឿលើកម្ម និងផល (ចំពោះអ្នកគោរពពុទ្ធសាសនា)។

ទោះបីជាតួប្រាសាទនៅមានសភាពល្អគ្រាន់បើ តែបំណែកខ្លះនៃប្រាសាទត្រូវបានដឹកយកទៅប្រទេសបារាំងនៅឆ្នាំ១៩៣៤ រួមមាន៖ ១).បំណែកផ្តែរដែលមានរូបសមុទ្រកូរទឹកដោះ ទំហំមួយម៉ែត្របួនជ្រុង ២)សសរពេជ្រមួយដើម និង ៣)ព្រះហរិហរៈមួយអង្គដែលយកចេញពីប្រាសាទអាស្រមមហាឫស្សី។ បំណែកទាំងនោះត្រូវបានដឹកយកទៅ ក្នុងអំឡុងពេលបារាំងជួសជុលប្រាសាទអាស្រមមហាឫស្សី(សូមអានវគ្គ ១ ក្នុងគេហទំព័រ បេតិកភណ្ឌប្រចាំថ្ងៃនេះ)។

មិនមែនជារឿងព្រេងនិទានទេ តែចាស់ៗអ្នកស្រុកតាកែវមើលឃើញភ្លឺចែស (ពន្លឺត្បូងពេជ្រ) ចេញពីកំពូលប្រាសាទ ភ្នំដា។ ត្បូងពេជ្រនោះមិនដឹងនៅឯណាទេ បច្ចុប្បន្ននេះ។ កំពូលប្រាសាទ ភ្នំដាបាក់អស់ (សូមមើលរូបភាព) ព្រោះត្រូវគេ (បារាំង) បាញ់យកត្បូងពេជ្រនៅសម័យនោះ នេះបើតាមសំដីអ្នកស្រុករស់នៅក្បែរ ភ្នំដា។ ពលរដ្ឋខ្មែរគ្រប់រូបសូមវាយតម្លៃខ្ពស់សារមន្ទីរ អង្គរបូរី ដែលបានថែរក្សាបំណែកមួយចំនួនទៀតរបស់ប្រាសាទ ភ្នំដា រួមមាន៖១) បំណែកសសរពេជ្រ ២)បំណែកផ្តែរ ៣)យោនីដែលបានរកឃើញនៅ គ.ស ២០១៨ ពេលគេធ្វើផ្លូវ។ លឹង្គព្រះឥសូរមិនបានដឹងថានៅទីណាទេ និង៤)ផ្ទាំងសិលាចារឹកមួយផ្ទាំងរកឃើញនៅ គ.ស ២០០៤ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្តានយកទៅបកប្រែ តែមិនទាន់បានបញ្ជូនលទ្ធផលមកវិញ។

តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មួយទៀតរបស់ភ្នំដា គឺមានរូងភ្នំបូរាណ (បច្ចុប្បន្នត្រូវបានបិទជិត) និងល្អាងមួយចំនួនទៀត។ បន្ថែមលើតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ខាងលើ ភ្នំដានៅមានតម្លៃជីវ:ចម្រុះ(សម្រាប់សិក្សាស្រាវជ្រាវប្រភេទសត្វ-រុក្ខជាតិដែលយើងមិនទាន់ដឹង) មានសោភ័ណភាពធម្មជាតិស្រស់ស្អាត មានតម្លៃសម្រាប់ភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្ត លំហែអារម្មណ៍ និងមានតម្លៃសម្រាប់សិក្សាភូគម្ភសាស្ត្រ។ហេតុនេះ ភ្នំដាត្រូវតែអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់ ដោយក្រសួងបរិស្ថានគួររៀបចំបង្កើតទៅជាតំបន់ការពារធម្មជាតិ ប្រភេទតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។

ភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានចំងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២។ ក្រុមការងារបានចុះមកថតនៅចុងខែកញ្ញា ឆ្នាំ២០២០។ សូមគោរពជូនពរដល់អ្នកអានគ្រប់រូប សូមជួបតែសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចការងារគ្រប់ភារកិច្ច ជាពិសេសចៀសឱ្យផុតពីគ្រោះទឹកជំនន់៕

ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

ads banner