បុរសម្នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាល លី ស្រីវីណា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេធាវីបានស្លាប់នៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាល លី ស្រីវីណា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃ២៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះលេខ៣៣៩ A/B/C ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពមានឈ្មោះ ទេព ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាមេធាវី ស្រុកកំណើត នៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមប្រភពព័ត៌មានពីខាងភាគីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់ ឈ្មោះ ទេព ពៅ មានជម្ងឺឈឺចុកពោះតាំងពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង២ និង១៥នាទីយប់ គាត់ក៏បានយកមកមន្ទីរពេទ្យសម្រាកព្យាបាល លី ស្រីវីណា ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលនិងព្យាបាលជម្ងឺ ដោយបានពិនិត្យមើលរួចរាល់ហើយ ក៏បានដាក់សេរ៉ូមអស់ចំនួន៣កំផ្លោក ក្រោយមកនៅវេលាម៉ោង៣ និង២៥នាទីយប់ដដែល ស្រាប់តែប្អូនប្រុសរបស់គាត់បានចុកយ៉ាងខ្លាំង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង លុះដល់ព្រឹកឡើងទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងជំនាញឲ្យចុះពិនិត្យមើល ដោយភាគីខាងមន្ទីរពេទ្យសម្រាកព្យាបាល លី ស្រីវីណា សូមសម្របសម្រួលគ្នាជាមួយភាគីខាងជនរងគ្រោះ ដោយព្រមសង់ជាជំងឺចិត្តចំនួន ៤០០០០ ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង។ ក្រោយពេលធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សាកសពអោយទៅសាចញ្ញាតិ យកទៅតម្កល់នៅក្នុងវត្តសំពៅមាសទុកធ្វើបុណ្យទៅតាមប្រពៃណី៕