ទណ្ឌិត៦៩៥ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឺម សន្តិភាព នៅថ្ងៃ២៩តុលាបានឲ្យដឹងថា នៅថ្ងៃទី២៨តុលាឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។
លោកបានបន្តថា គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៤ និងមណ្ឌលអប់រំកែប្រែទាំង៤ដែលស្នើសុំផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន១ពាន់៨៦នាក់ក្នុងនោះមានស្រី៧៦នាក់។
ប៉ុន្តែជាជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប៦៩៥នាក់ ក្នុងនោះស្រី៦៥ នាក់ រួមមាន ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន៥នាក់, -ស្នើសុំលើកលែងទោសចំនួន១៩នាក់ ដែលជាទណ្ឌិតដែលមានជម្ងឺរាំរ៉ៃ ចាស់ជរា.., ស្នើសុំបន្ធូរបន្ថយទោស១២ខែចំនួន៩២នាក់, ស្នើសុំបន្ធូរបន្ថយទោស៩ខែចំនួន៩៥ នាក់ និងស្នើសុំបន្ធូរបន្ថយទោស៦ខែចំនួន ៤៨៤ នាក់៕