រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបំរុងនូវស្រូវពូជប្រមាណ ២០០០តោន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនិងរងគ្រោះទឹកលិចស្រូវដោយជំនន់ទឹកភ្លៀងកន្លងមក
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា-ប្រម៉ាញ់ និង នេសាទ បានថ្លែងថា៖ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែត្រៀមស្រូវពូជ ប្រមាណ ២.០០០តោន ក្នុងការផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជួបនិងគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់ត្រូវទឹកលិចស្រូវ ដោយសារតែឆ្នាំនេះទឹកជំនន់បានជន់លិចខូចនិងប៉ះពាល់ដល់ស្រូវជាច្រើនម៉ឺនហិកតា ក្នុងនេះទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងកសិកម្ម ទិញពូជស្រូវបន្ថែម ចំនួន២.០០០តោនទៀតចែកពលរដ្ឋរងគ្រោះ ហើយបើនៅតែខ្វះខាត រាជរដ្ឋាភិបាលនឹងទិញបន្ថែម ចំនួន២.០០០តោនទៀត រួមជាមួយនឹងពូជបន្លែ ពូជកូនត្រី ជាច្រើនតោនផងដែរ ។
ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ និងវត្តមាន របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ ចំនួន២៩០គ្រួសារ ក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងការចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ កន្លងមកនេះ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងថា៖ ជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ស្រូវរបស់ពលរដ្ឋក្នុងខេត្ត ចំនួនប្រមាណជាង ១២៧ពាន់ហិកតា និងរងនូវការខូចខាត ចំនួន ៤២.៥១៧ហិកតា ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ នៅថ្ងៃនេះ តាមរយៈក្រសួងកសិកម្មនិងដោយមានការយកចិត្តទុកនិងការគិតគូរ ពីប្រមុខនៃរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋដែលជួបនិងគ្រោះលិចលង់ស្រូវដោយជំនន់ទឹកភ្លៀងកន្លងមកនេះនិងទទួលបាននូវការចែកស្រូវពូជ ដើម្បីស្តារនូវជីវភាពបងប្អូន ដែលជួបនិងគ្រោះមហន្តរាយដោយទឹកជំនន់។ដោយឡែកនៅថ្ងៃនេះដែរ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុករក្ខគីរី ក៏និងទទួលបានគ្រាប់ពូជដំណាំបន្លែមួយចំនួនយកទៅដាំដុះ និងពូជត្រី ចែកជូនប្រជាពលរដ្ឋនៅក្នុងស្រុកខាងលើ ចំនួន ២៥៥គ្រួសារ ផងដែរ។
តាមរយៈ ក្រសួងកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ ដែលជាសេនាធិការ គឺបានចាប់ផ្ដើមយុទ្ធនាការចែកពូជស្រូវ គ្រាប់ពូជបន្លែ កូនត្រី និងស្បៀងអាហារមួយចំនួនទៀត ដល់ពលរដ្ឋជួបគ្រោះទឹកជំនន់ នៅក្នុងស្រុកសង្កែនិងស្រុករុក្ខគីរឺ របស់ខេត្តបាត់ដំបង សរុបចំនួនជាង៥០០គ្រួសារ។
ក្នុងឱកាសចុះចែកស្រូវពូជ និងពូជដំណាំដល់ពលរដ្ឋរងគ្រោះទឹកជំនន់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ក្នុងនាមក្រសួងកសិកម្ម នឹង ចែកស្រូវពូជឲ្យដល់ពលរដ្ឋរងគ្រោះ ទាំង ២៩០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវស្រូវពូជ១០០គក្រ ។ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា៖ ការចែកស្រូវពូជនេះ គឺចែកទៅតាមតំបន់ដែលមានទឹកនិងអាចស្ដារការធ្វើស្រែបានតែប៉ុណ្ណោះ? ហើយសម្រាប់តំបន់ដែលមិនមានទឹក និងមិនទាន់អាចធ្វើស្រែបាន គឺនឹងផ្ដល់នូវគ្រាប់
ពូជដំណាំ និង កូនត្រី ជាដើម…។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យទិញ នឹង ផ្ដល់នូវម៉ាស៊ីនដាំស្រូវ ចំនួន៥០គ្រឿងដល់សហគមន៍និមួយៗ ក្នុងខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ និង ខេត្តបន្ទាយមានជ័យ សម្រាប់ជួយដល់ការដាំស្រូវនិងជួយកាត៎បន្ថយពីការប្រើប្រាស់ពូជស្រូវ ឲ្យនៅកម្រិតតិចជាងការសាបព្រោះរបស់ពលរដ្ឋកន្លងមក។ហើយការដាំដោយប្រើម៉ាស៊ីនទំនើបនេះ នឹងជួយកាត់បន្ថយនូវការប្រើប្រាស់ពូជច្រើនផងដែរ ។
តាមរយៈនៃការចែកស្រូវពូជនេះក៏មានកម្មវិធីធ្វើការបង្ហាញនូវការភ្ជួរាស់ដោយគ្រឿងយន្តកសិកម្មមួយចំនួនក្នុងការចុះភ្ជួររាស់ដីដោយត្រាក់ទ័រ និងការបង្ហាញនូវម៉ាស៊ីនដាំស្រូវ ដោយគ្រឿងយន្តនិងធ្វើការសាកល្បងលើទីលានវាលស្រែ ដែលបញ្ជាគ្រឿងយន្តកសិកម្មទាំងនោះ ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន,ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ និងលោកប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង ផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )