តោះទៅលេងភ្នំជីសូរ

ភ្នំនេះជាភ្នំប្រវត្តិសាស្ត្រដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ នៅមានរូបរាងប្រសាទបុរាណដ៏ស្រស់ស្អាតនៅលើកំពូលភ្នំនេះ។ សម្រាប់អ្នកដែលបានមកដល់ទីនេះគឺ ពិតជាស្ងើចសរសើរ និងដឹងគុណដល់បុព្វការីជនខ្មែរដែលបានកសាងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។ ភ្នំជីសូរនៅរក្សាបានរូបរាងប្រាសាទសម្រាប់មនុស្សគ្រប់ជំនាន់មើល ហើយនៅជាប់នឹងប្រាសាទមានសង់វត្ត និងព្រះវិហារពុទ្ធសាសនា។ ពិតជាកម្រណាស់ព្រោះមានភ្នំមួយចំនួន តួប្រាសាទ (ព្រាហ្មញ្ញសាសនា)ត្រូវបានគេកាយឲ្យរលំដើម្បីរកវត្ថុបុរាណ ហើយសង់ព្រះវិហារ (ពុទ្ធសាសនា)នៅចំពីលើគ្រឹះប្រាសាទនោះតែម្តង។

កូនចៅកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមីម្ចាស់ទឹក ដី ព្រៃ ភ្នំក្រំថ្មថែរក្សាខេត្តតាកែវ និងបុព្វការីជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលរក្សាការពារបាននូវប្រាសាទដ៏អស្ចារ្យមួយនេះ។ ភ្នំជីសូរស្ថិតនៅខេត្តតាកែវ ត្រង់ចំណុចដែលមានរយៈទទឹង(១១° ១១’ ៣.៤៩៧៩៩៩៩៩”) និងរយៈបណ្តោយ(១០៤° ៤៩’ ៣០.៣៩៣១២០០០”)។ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ប្រមាណ៥០គីឡូម៉ែត្រ (ផ្លូវនៅពិបាកបន្តិច) តែផ្លូវឡានឡើងទៅដល់លើកំពូលភ្នំតែម្តងនឹងត្រូវកសាងដោយចាក់បេតុងនៅពេលក្រោយបុណ្យភ្ជំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ជាទំព័រប្រវត្តិសាស្ត្រដ៏ថ្មីមួយសម្រាប់ភ្នំនេះ នៅពេលផ្លូវបេតុងត្រូវបានសង់ចប់។ សូមបារមីទឹកដីខេត្តតាកែវជូនបុណ្យមហាកុសល្យដល់អ្នកកសាងផ្លូវបេតុងនេះឲ្យជួបតែសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចគ្រប់ភារកិច្ច។

ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃភ្នំជីសូរនៅខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត៕

ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

ads banner