ពូជស្រូវសែនក្រអូបចំនួន ២៩តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អភិបាលខេត្តចុះចែកជូនប្រជាពលរដ្ឋដើម្បីដាំដុះក្រោយពេលទឹកជំនន់ទឹកភ្លៀងរួច

ខេត្តពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង ចំនួន៣៨៦គ្រួសារ មកពីឃុំត្រពាំងជង ឃុំខ្នារទទឹង និងឃុំរំលេច ធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាខ្នារទទឹង ស្រុកបាកាន នៃខេត្តពោធិ៍សាត់។

ថ្លែងនៅក្នុងឱកាសសំណេះសំណាល និងចែកពូជស្រូវ ដល់បងប្អូនប្រជាពលរដ្ឋអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក និងបានក្រើនរំលឹកដាស់តឿនដល់ ក្រសួងពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងបាន នាំយកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាពលរដ្ឋ ដើម្បីធ្វើការដាំដុះបន្តក្រោយជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានបន្តថា ទឹកបានបំផ្លិចបំផ្លាញផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់បងប្អូនប្រជាពលរដ្ឋយើង ដូច្នេះត្រូវឲ្យទឹកសងមកយើងវិញ តាមរយៈការរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរង ស្រះនិងស្រែឲ្យបាននៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឲ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផល នៅរដូវប្រាំងខាងមុខនេះផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកស៊ីអាជីវកម្មកាយដីលក់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ព្រែក ស្ទឹង» ដើម្បីយកដី និង ទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងទុកឲ្យនៅកកស្ទះ ឬទិញដីខាងក្រៅមកប្រើប្រាស់វិញ។

អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន បាននាំយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ដាំដុះបន្ត ចំនួន៣៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវសែនក្រអូប ចំនួន២០០គីឡូក្រាម, ទឹកបរិសុទ្ធអរុណា១កេស រួមជាមួយវត្ថុកំដរដៃ សារុងម្នាក់១ផងដែរ។

ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ និងបានចាត់ឱ្យមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់គ្រប់ពេលវេលា ៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner