ផ្ទុះបាតុកម្មនៅមុខហាងសម្លៀកបំពាក់របស់ព្រះអានុជ ស្តេចថៃ
ក្រុមបាតុករបានធ្វើបាតុកម្ម នៅតំបន់ពាណិជ្ជកម្ម Silom ស្ថិតក្នុងក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ តុលាម្សិលមិញ ដើម្បីសម្តែងការប្រឆាំងនឹងហាងលក់សម្លៀកបំពាក់របស់ព្រះអានុជ (ប្អូនស្រី) របស់ព្រះមហាក្សត្រថៃ គឺព្រះនាង Sirivannavari Nariratana ។
ហាងឈ្មោះថា Sirivannavari មានផែនការរៀបចំកម្មវិធីបង្ហាញម៉ូត ក្នុងកម្មវិធីរដូវរងារ ២០២០-២០២១ ចំពេលព្រឹត្តិការណ៍ដ៏ធំ French Flair Runway សម្តែងនៅ Mandarin Oriental ក្នុងរាជធានីបាងកក។
បាតុកម្ម People’s Runway នេះបានធ្វើឡើងនៅលើដងវិថី Silom ដោយចាប់ផ្តើមពីប្រាសាទ Sri Maha Mariamman ដោយពួកគេបានស្រែកប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា ហើយបន្តអំពាវនាវឲ្យកែទម្រង់របបរាជានិយម ហើយក្រៅពីនេះ ក៏មានការសម្តែងផ្សេងៗ បង្ហាញពីមិនពេញចិត្តទៀតផង។
ថ្មីនេះៗ ក្រុមបាតុករក៏បានធ្វើសកម្មភាពតវ៉ានៅស្ថានទូតអាឡឺម៉ង់ក្នុងក្រុងបាងកកដែរ សុំឲ្យ យកលិខិតទៅជូនរដ្ឋាភិបាលអាឡឺម៉ង់បើកការស៊ើបអង្កេតថា តើព្រះមហាក្សត្រថៃបានប្រើអំណាចនយោបាយ ក្នុងពេលស្នាក់នៅដ៏យូរអង្វែង នៅក្រុង Bavaria ប្រទេសអាឡឺម៉ង់ដែរឬទេ ហើយក៏ទាមទារឲ្យបញ្ជាក់ពីការបង់ពន្ធរបស់ស្តេចថៃរូបនេះ ក្នុងប្រទេសអាឡឺម៉ង់ ខណៈដែលទទួលបានទ្រព្យសម្បត្តិមហាសាលពីព្រះបិតាទៀងផង៕