ផ្លូវ និងស្ពានជនបទជាង១ម៉ឺនម៉ែត្រដែលរងការាខូចខាតដោយសារទឹកជំនន់នៅខេត្តតាកែវ ត្រូវបានរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំក្រុមកាងារបច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់

តាកែវ៖ នៅព្រឹកថ្ងៃទី៣០តុលាឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោកអ៊ុក រ៉ាប៊ុន រួមដំណើរដោយ អភិបាលខេត្តតាកែវ លោកអ៊ូច ភា បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែប្រវែង១ម៉ឺន១ពាន់២០០ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ និងស្ពានអូសារ៉ាយប្រវែង៣០ម៉ែត្រ ដែលបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង។

ផ្លូវនោះមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំ ត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅព្រឹកថ្ងៃ៣០តុលានោះផងដែរ លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់មានប្រវែង១ម៉ឺន៣ពាន់៧០០ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្ថើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ គឺ ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ និងទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ជំនន់ទឹកភ្លៀងគិតចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០២០ដល់ថ្ងៃ២៧តុលាឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប្រវែង៦២៧គីឡូម៉ែត្រ និងផ្លូវលំជនបទដែលរងការលិចប្រវែង១ពាន់៦៨៥គីឡូម៉ែត្រ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner