ប្រធានអង្គការសុខភាពពិភពលោកសង្ស័យឆ្លងជំងឺកូវីដ១៩
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសឱ្យដឹងថា លោកកំពុងធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីមនុស្សម្នាក់ដែលលោកធ្លាប់បានប៉ះពាល់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។
តាមរយៈគណនី Twitter លោក Tedros កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានប៉ះពាល់ជាមួយមនុស្សម្នាក់ ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ ខ្ញុំមិនមានរោគសញ្ញាអ្វីទេ ហើយមានអារម្មណ៍ល្អធម្មតា។ ប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កខ្លួនឯង នៅរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត ដោយអនុវត្តតាមគោលការណ៍ណែនាំពី WHO ហើយខ្ញុំនឹងបន្តធ្វើការងារពីផ្ទះផងដែរ»។
គួរបញ្ជាក់ថា ការប្រកាសពីការធ្វើចត្តាឡីស័ករបស់លោក Tedros កើតមានឡើងនៅចំពេលដែលបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប កំពុងប្រឈមមុខនឹងរលកទី ២ COVID-19 ដោយបង្ខំឱ្យប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ត្រូវដាក់ចេញវិធានការបិទប្រទេសជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ៕