ក្រុមហ៊ុនទីផ្សារបណ្តាញនៅកម្ពុជាមានប្រមាណ១៥០តែក្រុមហ៊ុនដែលចុះបញ្ជីមានតែ២០ក្រុមហ៊ុន

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះបើគេគិតពីក្រុមហ៊ុនទីផ្សារបណ្តាញ ដែលកំពុងដំណើរការនៅកម្ពុជា មានប្រមាណ ១៥០ ក៏ប៉ុន្តែនៅក្នុងចំណោមនេះក្រុមហ៊ុន ដែលរកស៊ីត្រឹមត្រូវ ឃើញថាមានប្រមាណជា ២០ នៅឡើយទេ។

ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងដោយ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារ បណ្តាញកម្ពុជា ក្នុងពិធីប្រគល់តំណែងកិត្តិយស និងប្រកាសបើកដំណើរការជាផ្លូវការក្រុមហ៊ុន Wealth Corp Marketing Co., Ltd (វេលស៍ខបម៉ាឃីធីង ឯ.ក)កាលពីថ្មីៗមកនេះ។

ពាក់ព័ន្ធក្នុងរឿងនេះ ប្រធានសហព័ន្ធព័ន្ធ វិនិយោគិនកម្ពុជា រូបនេះ បានឲ្យដឹងថា “ក្រុមហ៊ុនទីផ្សារបណ្តាញ ដែលកំពុងដំណើរការនៅកម្ពុជា មានប្រមាណ ១៥០ ក៏ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុន ដែលរកស៊ីត្រឹមត្រូវ ឃើញថាមានប្រមាណជា ២០ ដែលយើងកំពុងសម្រួច ហើយយើងបានវាយតម្លៃម្តង មានការបម្រុង ឥឡូវមានក្រុមហ៊ុនជាង ២០នេះ គេហៅថាបំរុង “។

លោកបានបន្តឱ្យដឹងថា”ចាប់ពីឆ្នាំ២០២០នេះ ទៅដល់ឆ្នាំ២០២១ យើងនឹងប្រកាសឱ្យចុះបញ្ជីត្រឹមត្រូវ ចំពោះក្រុមហ៊ុនណាដែលគោរពតាម បទដ្ឋានគតិយុទ្ធ និងទៅតាមសារាចរណ៍ ណែនាំនានា របស់រាជរដ្ឋាភិបាលពិសេស អ្នករកស៊ីត្រឹមត្រូវ” ។

          ជាមួយគ្នាបើតាមការបញ្ជាក់របស់លោក ឡី សុភាព ក្រុមហ៊ុនដែលស្ថិតលើ វិស័យធុរកិច្ចទីផ្សារបណ្តាញ ត្រូវយល់ដឹងអំពីផ្លូវច្បាប់ អំពីការទុកដាក់ និងការប្រើប្រាស់ទំនិញទាំងអស់ ដើម្បីការពារ ដល់សុខមាភាពប្រជាពលរដ្ឋ ។

          ក្នុងពិធីនេះដែរលោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារ បណ្តាញកម្ពុជា បានណែនាំទៅ បណ្តាក្រុមហ៊ុនទាំងអស់ លើវិស័យទីផ្សារបណ្តាញនៅកម្ពុជា ត្រូវរៀបចំយុទ្ធសាស្ត្រ ៣”ផ្ត “ដែលក្នុងន័យនេះគឺ ផ្តុំ, ផ្តើម និងផ្តល់ ដើម្បីឲ្យវិស័យនេះ កាន់តែរីកចម្រើន ល្អប្រសើរឡើង ។

ចំពោះយុទ្ធសាស្ត្រ ផ្តទាំង៣ របស់ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា រួមមាន ទី១ ផ្តុំ ដែលផ្តុំនេះ លោកសំដៅដល់ការ ស្វែងរកសមាជិកឲ្យបានមូលផ្តុំជាក្រុម បន្ទាប់មកទី២ សម្តៅទៅលើការ ចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ និងជាចុងក្រោយទី៣ ផ្តល់ គឺមានន័យថា គ្រប់កិច្ចការទាំងអស់ ត្រូវចែករំលែក និងផ្តល់ដល់គ្នាទៅវិញទៅមក ឧ្យបានសមស្រប ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា “ការចេញ យុទ្ធសាស្ត្រ សម្រាប់ធុរកិច្ចទីផ្សារបណ្តាញ នូវ៣ផ្ត ទី១ផ្តុំ ហៅគ្នាមកផ្តុំសិន បន្ទាប់មកចាំផ្តើមធ្វើអ្វីមួយ ផ្តើមបានហើយចាំយើងផ្តល់ ផ្តទី៣ គឺយើងផ្តល់ ដូច្នេះផ្តុំ ផ្តើម ផ្តល់” ។

ក្នុងពិធីនេះដែរ លោក សុខ ពិសិទ្ធ អគ្គនាយក ក្រុមហ៊ុន វេលស៍ ខបម៉ាឃីធីង ឯ.ក បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានផ្តោតសំខាន់ នៅគោលការណ៍ ៣ចំណុចផងដែរថា “យើងផ្តោតទៅលើទីមួយ សុខភាព សម្រស់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះយើងគឺជាម៉ាត (Mart) មួយដ៏ធំ អនាគតទៅយើងមាន ផលិតផល ជាង១ម៉ឺន៥ពាន់មុខ លក់នៅក្នុងម៉ាតនេះ តែយើងមានការចែកប្រយោជន៍ ចែកប្រយោជន៍ ឧ្យបងប្អូន ។ កន្លងមកគឺអាជីវករ គាត់ធ្វើការនៅទីផ្សារ ដែលលក់នៅតាមតូបជាដើមហើយបច្ចុប្បន្ន យើងប្រមូលអាជីវករទាំងនោះ ឧ្យមកធ្វើតាមទំនើបកម្ម ទំនើបគឺគេដំណ្តើមលុយគ្នា នៅលើមេឃ ដល់សម័យ៤.០ សម័យ TeamWork បើគាត់នៅលក់ នៅតាមផ្សារដូចដើម គឺមិនមានអ្នកទិញ ព្រោះមនុស្សកាន់ទូរស័ព្ទ ដូច្នេះហើយបច្ចុប្បន្ន យើងមានប្រព័ន្ធ ផ្តល់ភាពងាយស្រួល និងទាន់សម័យ ហើយជាពិសេស គឺការចែកប្រយោជន៍ ដែលយោងទៅតាម ៤០-៦០៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner