មនុស្សស្លាប់កើនដល់១០នាក់ និង៣នាក់បាត់ខ្លួន ក្រោយព្យុះទីហ្វុងដ៏កំណាច Goni វាយប្រហារប្រទេសហ្វីលីពីន
ហ្វីលីពីន៖ មនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្រោយព្យុះទីហ្វុង Goni បានបោកបក់កាត់តំបន់ភាគខាងត្បូងកោះ Luzon របស់ហ្វីលីពីន នៅថ្ងៃអាទិត្យម្សិលមិញ ធ្វើឲ្យដាច់ចរន្តអគ្គិសនី ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទឹកជំនន់ផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានបន្ថយកម្រិតព្យុះ Goni ពីកម្រិតកំពូលព្យុះទីហ្វុង មកនៅត្រឹមព្យុះទីហ្វុងធម្មតាវិញ ខណៈវាត្រូវគេចាត់ទុកជាព្យុះទីហ្វុងខ្លាំងក្លាជាងគេបំផុតក្នុងឆ្នាំនេះ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ Bicol ។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមហ្វីលីពីនក៏បានព្រមានដែរថា ព្យុះទីហ្វុង Goni នៅតែជាការគំរាមកំហែងដដែល ខណៈវាកំពុងធ្វើដំណើរកាត់តាមបណ្តាខេត្តនៅភាគខាងត្បូងរដ្ឋធានីម៉ានីល ។ ប្រជាជនហ្វីលីពីនខ្ទង់សែននាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ។
បច្ចុប្បន្នអាជ្ញាធរឧតុនិយមហ្វីលីពីនបាននឹងកំពុងតាមដានព្យុះត្រូពិចមួយទៀត មានឈ្មោះថា Atsani ដែលអាចនឹងវាយប្រហារមកលើបណ្តាខេត្តនៅភាគខាងជើងកោះ Luzon ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ៕