រដ្ឋសភាប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ ចំនួន៦

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សា អនុម័តនាពេលនេះនឹងក្លាយជាច្បាប់សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្តក្នុងការដឹកនាំប្រទេសជាតិ ទាំងកិច្ចការក្នុងប្រទេសនិងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក លើការងារកិច្ចការព្រំដែន ពាណិជ្ជកម្ម និងសន្តិសុខ ជាដើម។

សេចក្តីព្រាងច្បាប់ទាំងនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ី- អាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner