សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ចំនួន២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានានៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។
នៅក្នុងឱកាសនោះ លោក ទៀប សុត្ថា តំណាងនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រមុខរដ្ឋស្តីទីអំពី អាហាររូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី និងនូវែលសេឡង់។ និស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សានៅខែមករា ឆ្នាំ២០២១ខាងមុខនេះ មានចំនួន២៧នាក់ ក្នុងនោះមានស្រី ១១នាក់ ដែលបានប្រលងជាប់អាហារូបករណ៍អូស្ត្រាលីចំនួន១៨នាក់ និងនូវែលសេឡង់ចំនួន០៩នាក់ ។ ក្នុងនេះផងដែរ ក៏មានមន្ត្រីរាជការបម្រើការតាមក្រសួង ស្ថាប័នចំនួន១៦នាក់ និងបុគ្គលិកក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្មួយៗទាំងអស់ដែលត្រូវបានជ្រើសរើសជានិស្សិតជ័យលេភីអាហាររូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដែលជាអាហា-រូបករណ៍អន្តរជាតិដ៏មានសក្តានុពលមួយ។
សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានជួយប្រទះនូវសង្គ្រាម និងរបបប្រលៃពូជសាសន៍ប៉ុលពត ដែលបានបំផ្លាញប្រទេសកម្ពុជាយើងគ្មានសល់ ទាំងរចនាសម្ព័ន្ធសង្គម និងធនធានមនុស្សដល់ឫសគល់។ ចាប់ពីក្រោយមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩មក ប្រទេសយើងបានយកចិត្តទុកដាក់ជាចម្បងក្នុងការស្តា ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សតាំងពីពេលនោះមក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទោះបីពេលនោះប្រទេសយើងស្ថិតក្នុងស្ថានភាពដែលមានសង្គ្រាមផង និងមានសន្តិភាពផងក្តី។ លទ្ធ-ផលដែលយើងបានឃើញអំពីការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅពេលនោះ មកដល់ពេលនេះគឺមាននិស្សិតមួយចំនួនកំពុងតែកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាមន្ត្រីជំនាញនៅតាមក្រសួង ស្ថាប័ន រាជធានី និងខេត្ត ក្រុងនានា។
សម្តេចប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើរដល់ក្មួយៗទាំងអស់នូវអនុសាសន៍ល្អៗចំនួន ៧ចំណុចសំខាន់ៗដូចតទៅ៖
ទី១-ពេលក្មួយៗចេញទៅសិក្សាឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ ដូចនេះការនឹករលឹកមនោសញ្ចេតនាចំពោះគ្រួសារ និងប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្មួយៗត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឱ្យមនោសញ្ចេតនានៃការនឹករលឹកនេះ ក្លាយទៅជាឧបសគ្គដែលរារាំងដល់ការសិក្សា ដូចនេះក្មួយៗត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះគ្រប់ឧបសគ្គ ខិតខំរៀនសូត្រឱ្យឈានដល់ការសម្រេចជោគជ័យនៅទីចុងបំផុត។
ទី២-សូមយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសទាំងពីរ ធ្វើយ៉ាងណាខិតខំបង្ហាញឱ្យបានអំពីអត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។
ទី៣-សូមក្មួយៗត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំសាលវិទ្យាល័យ ដោយគោរពនូវការបង្ហាត់បង្រៀនរបស់លោកសាស្ត្រាចារ្យ ទៅតាមសុភាសិតខ្មែរយើងដែលបាន ទូន្មានកូនចៅ នាពេលបច្ចុប្បន្ន និងទៅអនាគតនោះគឺ ងើយស្កក ឱនដាក់គ្រាប់។
ទី៤-សូមក្មួយៗខិតខំឱ្យអស់ពីកម្លាំកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ដើម្បីឈានទៅសម្រេចឱ្យនិទ្ទេសជានិស្សិតល្អ ជានិស្សិតឆ្លើមនៅពេលបញ្ចប់ការសិក្សា ដើម្បីសាកសមទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សាកលវិទ្យាល័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ផងដែរ។
ទី៥-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់សាកលវិទ្យា និងជាមួយប្រជាជននៃប្រទេសសាមី ដើម្បីផ្សព្វផ្សាយអំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូផង់ សក្តានុពលដ៏សម្បូបែបរបស់ប្រទេសជាតិយើង ក្នុងគោលបំណងដើម្បីឱ្យគេយល់កាន់តែច្បាស់ ហើយឱ្យគេជួយផ្សព្វផ្សាយដើម្បីអូសទាញភ្ញៀវទេសចរណ៍មកទស្សនា និងអ្នកវិនិយោគមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
ទី៦-សូមក្មួយៗនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ដែលត្រូវទៅសិក្សានៅឆ្នាំ២០២១ និងនិស្សិតដែលបានទៅសិក្សាមុន ត្រូវខិតខំសាមគ្គីគ្នាក្នុងវង្វង់គ្រួសារខ្មែរឱ្យបានស្អិតរមួត ប្រកបដោយសុខដុមរមនាដោយអនុវត្តឱ្យបានល្អ ទៅតាមសុភាសិតខ្មែរថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ។
ទី៧-ក្នុងបរិបទបច្ចុប្បន្នដែលគំរាមកំហែងដោយជំងឺកូវីដ១៩ សូមយកចិត្តដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់អាជ្ញាធររបស់ប្រទេសសាមី ដើម្បីធ្វើយ៉ាងណាជៀសឱ្យបានកុំឱ្យឆ្លងជំងឺកូវីដ១៩។
សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗ បញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ត្រូវយកចំណេះដឹង និងរៀនសូត្របន្ថែមអំពីបទពិសោធន៍ ហើយជាពិសេសគឺឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងទៅតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺនឹងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ សំដៅជំរុញការកសាងប្រទេសយើងឱ្យក្លាយទៅប្រទេសដែលមានការរីកចម្រើនខ្ពស់ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គមដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner