ឧស្សាហកម្មខេម អិម ជេ កម្ពុជា មានសមត្ថភាពកែច្នៃដំណាប់ផ្លែស្វាយបាន ១០តោននៅក្នុងមួយឆ្នាំសំរាប់ការនាំចេញទៅលក់នៅទីផ្សារប្រទេសចិន
លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា មានទីស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ បានបញ្ជាក់ថា ឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បច្ចុប្បន្ននេះ មានសមត្ថភាពអាចផលិត និងកៃច្នៃផ្លែស្វាយបានប្រមាណជា១០តោននៅក្នុងមួយឆ្នាំ សំរាប់នាំយកទៅលក់នៅលើទីផ្សារប្រទេសចិន។ លោកបញ្ជាក់បន្តថា ផ្លែស្វាយដែលបានកែច្នៃនេះគឺត្រូវបានទិញនៅក្នុងខេត្តកំពង់ស្ពឺ សំរាប់ផ្គត់ផ្គង់នៅក្នុងការផលិត និងកែច្នៃជាដំណាប់ស្វាយនេះ។
ការបញ្ចាក់លើកឡើងបែបនេះត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃការអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់ ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានដឹកនាំគណៈប្រតិភូមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីគាំទ្រឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានខេម អឹម ជេ កម្ពុជា ។
លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានបញ្ជាក់បន្តថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគោលដៅ និងពង្រីកការផលិតដំណាប់ស្វាយឱ្យបាន ១០០ តោននៅក្នុងមួយឆ្នាំ និងអាចផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ចំនួន១ម៉ឺននាក់នៅពេលអានគត។ ជាមួយគ្នានេះដែរ ឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា មានគោលដៅ ជំរុញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគទុនកាន់តែច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
តាមរយៈតំណើរទស្សនៈកិច្ចនេះ ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថ្លែងនូវការអបអរសាទរ និងគាំទ្រ ព្រមទាំងផ្តល់នូវធាតុចូលដល់ការវិនិយោគរបស់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា នឹងបន្តជាដៃគូកាន់តែល្អប្រសើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានទទួលអាជ្ញាបណ្ណក្នុងការវិនិយោគនៅឆ្នាំ២០១៦ ហើយបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការជាផ្លូវការនូវចង្វាក់ផលិតកម្មកែច្ឆៃស្វាយនៅឆ្នាំ២០១៩។ ឧទ្យាននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ១-ក្រុមហ៊ុនខេមបូឌាសួនឧស្សាហកម្មខូអិលធីឌី២-ក្រុមហ៊ុនឧស្សាហកម្មកសិកម្មកម្ពុជា និង៣-ក្រុមហ៊ុនMinកម្ពុជាឡូជីស្ទីក ដែលទទួលបាន “អាជ្ញាបណ្ណវិនិយោគក្រៅប្រទេស” ពីមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន និងគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ប្រទេសចិន ហើយបានឆ្លងកាត់បែបបទចុះឈ្មោះនៅការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ លើសពីនេះក្រុមហ៊ុនបានប្រគល់ឯកសារពាក់ព័ន្ធនានាជូនដល់វិទ្យាស្ថានផែនការនិងគម្រោងនៃក្រសួងកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិន ដើម្បីសិក្សាលើការអនុវត្តផែនការនិងរចនាប្លង់។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា ក្រៅពីអគារមួយចំនួនដែលកំពុងដំណើរការនៃចង្វាក់ផលិតកម្មកែច្ឆៃស្វាយ ឧទ្យាននៅមានអគារស្នាក់នៅ អគារការិយាល័យ ហាងទំនិញ ឃ្លាំង (រួមទាំងឃ្លាំងរក្សាសីតណ្ហភាពត្រជាក់) និងអគារសម្រាប់សិក្ខាសាលា ដែលសរុបនៅក្នុងផ្ទៃដីដែលមានទីតាំងបើកចំហសម្រាប់ការវិនិយោគ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ ប្រទេសកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយស្រស់ ចំនួន៥០០០០០តោន ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនៅក្នុងខែតុលា ឆ្នាំ២០២០ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានរួមចំណែកបន្ថែមនូវល្បឿននៃកំណើននៃការវិនិយោគកាន់តែកើនឡើងជាលំដាប់មកកាន់កម្ពុជា៕