តារាចម្រៀង ខេម បោះទុនជាង២០ម៉ឺនដុល្លារបើកភោជនីយដ្ឋាន T&Y Restaurant
ភ្នំពេញ ៖ តារាចម្រៀង ខេម ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ពេលនេះ បានសាកល្បងចេញរកស៊ីហើយ ដោយបើកអាជីវកម្មដំបូងមួយនេះ បានប្រើដើមទុនរហូតជាង២០ម៉ឺនដុល្លារ ។ មុខជំនួញដំបូងរបស់លោក ខេម មិនមែនជាអចលនទ្រព្យដូចថៅកែរបស់ខ្លួនឡើយ ពោល គឺលោកបានបើកជាភោជនីយដ្ឋាន (ផាប់) លក្ខណៈស្តង់ដារមួយ ។
តារាចម្រៀងល្បីឈ្មោះ លោក ប៉ុន សុណារិន ហៅ ខេម បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យលោក សម្រេចចិត្តបើកភោជនីយដ្ឋាន (ផាប់) នេះ ក៏ព្រោះតែលោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយ ក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។ ខេម បានបង្ហើបឲ្យដឹង ថា T&Y Restaurant ដែលខ្លួនហ៊ានវិនិយោគលើកដំបូងនេះ បានប្រើទុនរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ ហើយមុខជំនួញនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយលោកឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះ មានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ទៀតផងដែរ ។
ខេម បន្តថា ការសម្រេចជ្រើសទីតាំងជិតវត្តសំរោងអណ្ដែតមក ផ្ដើមអាជីវកម្មលើកដំបូងនេះ លោកបានសិក្សាជាច្រើនឆ្នាំ នឹងច្បាស់លាស់ដោយយល់ថា នៅតំបន់នោះមានហាងច្រើន ប៉ុន្តែហាងបែបផាប់ មានប៊ែនច្រៀងមិនទាន់ មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជន ដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន ។ តារាចម្រៀង ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នា តែងនិយាយជាការគួរសម ។
សូមជម្រាបថា T&Y Restaurant បានបើកលក់សាកល្បង ប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើនថ្ងៃសម្ពោធជាផ្លូវការ គ្រោងធ្វើនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងនេះ។ ទន្ទឹមនឹងគ្នានោះ ខេម ក៏បានស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់នៅតំបន់ហាងរបស់លោក អាចចាប់អារម្មណ៍ចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេង ហាងថ្មីឲ្យបានច្រើនកុះករផងដែរ ៕