សារព័ត៌មាន CNN ផ្សាយថា ពលរដ្ឋអាមេរិកជាង៩៦លាននាក់បោះឆ្នោតរួចរាល់ ខណៈមនុស្ស៩.៣លាននាក់ឆ្លង Covid-19
អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ពលរដ្ឋអាមេរិកប្រមាណជាង៩៦លាននាក់ហើយបានបោះឆ្នោតរួចរាល់ ស្របពេលដែលមនុស្សប្រមាណ៩.៣លាននាក់បានឆ្លងជម្ងឺរាតត្បាតជាសកល Covid-19 នៅទូទាំងសហរដ្ឋអាមេរិក ។
បើតាមសារព័ត៌មាន CNN ប្រជាពលរដ្ឋអាមេរិកទទួលបានឱកាសចុងក្រោយរបស់ពួកគេ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដើម្បីវិនិច្ឆ័យតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមជាផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុងចំនួនពីរ ក្នុងនោះរួមមាន Dixville Notch និង Millsfield ជាក្រុងតូចៗរបស់រដ្ឋញូហេមសឺ ស្ថិតនៅភាគឦសានសហរដ្ឋអាមេរិក ។
នៅក្នុងសហរដ្ឋអាមេរិក ដោយសាររដ្ឋនីយមួយៗមានល្វែងម៉ោងខុសៗគ្នា ដូច្នេះពេលវេលាបើកការិយាល័យបោះឆ្នោតក៏ខុសគ្នាដែរ ដោយមានរដ្ឋខ្លះដូចជារដ្ឋ ញូហេមសឺចាប់ផ្ដើមបោះឆ្នោតមុនគេ និងខ្លះទៀតចាប់ផ្ដើមបោះឆ្នោតតាមក្រោយជាបន្តបន្ទាប់ ។ តាមការពិតការបោះឆ្នោតប្រធានាធិបតីបានចាប់ផ្ដើមតាំងតែពីខែកញ្ញាមកម្ល៉េះ ដោយប្រជាជនអាមេរិកនាំគ្នាបោះឆ្នោតមុនកាលកំណត់ ៕