វិស័យ៣របស់កសិកម្មកម្ពុជាដែលមានសក្តានុពលសម្រាប់ប្រទេសហុងគ្រីអាចធ្វើការវិនិយោគ
ការបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគវិស័យកសិកម្មកម្ពុជាបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjarto ក្នុងពេលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលោក វេង សាខុន នៅវេលាថ្ងៃត្រង់ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម នារាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីហុងគ្រី Peter Szijjarto ថ្លែងថា បំណងនៃដំណើរទស្សនកិច្ចនៅ កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលអនាគត។
លោកបានលើកឡើងថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃ GDP ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។ លោករដ្ឋមន្ត្រី Peter Szijjarto បានបញ្ជាក់ថា កម្ពុជាមានវិស័យចំនួន៣សំខាន់សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគតគឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ។
ក្រៅពីនោះ ការប្រើប្រាស់ និងការគ្រប់គ្រងទឹក ក៏ជាវិស័យដែលហុងគ្រីចាប់អារម្មណ៍ផងដែរ។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនោះផងដែរ។ លោកបានបន្តថា កន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សាចំនួន១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រីកំពុងពិចារណាថានឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីវេង សាសខុន បានជម្រាបជូនគណ:ប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោ បាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា។ លោករដ្ឋមន្ត្រីបានបង្ហាញអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំរបស់កម្ពុជាសម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។
ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន១ពាន់៨៣៩តោន និងថ្នាំជក់បាន១១៨តោន។ លោកវេង សាខុន បានបញ្ជាក់ថា តួលេខនោះនៅមានកម្រិតទាប ប៉ុន្តែលោកបានសម្តែងនូវសុទិដ្ឋិនិយមថាតាមរយ:លោក Peter Szijjarto នៅកម្ពុជា និងជាពិសេសកិច្ចព្រមព្រៀងអនុស្សរណនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរដែលត្រូវចុះហត្ថលេខានៅនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត។
កម្ពុជា និងហុងគ្រី មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគជល់គ្នារវាងសាធារណរដ្ឋហុងគ្រី និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៣វិច្ឆិកា។ ចំពោះក្រសួងកសិកម្ម មានឯកសារអនុស្សរណនៃការ យោគយល់គ្នាមួយដែលត្រូវចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី វេង សាខុន ៖
រួមាន ១- ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ, ២- សុខភាពសត្វ និងផលិតកម្មសត្វ, ៣- វិស័យជលផល និងវារីវប្បកម្ម, ៤- ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម , ៥- កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ(SPS) , ៦- ការការពារព្រៃ និងដាំឈើឡើងវិញ, ៧- ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ, ៨- ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម, ៩- បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ, ១០- ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍ និង ១១- ជំរុញធ្វើឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម៕