ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​​ប្រវត្ដិសាស្ដ្រ នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប !!

ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ មានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូងហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។

បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើតនាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។

ប្រាសាទភ្នំក្រោម ស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើមួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូង នៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើតហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។

បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែងប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ បើពិនិត្យទៅលើគុណភាពថ្មភក់ មានសភាពពុកផុយ ដែលជាកត្ដានាំឱ្យតួប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្ម ដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរ ក៏មានសំណង់សម័យថ្មីជាច្រើន នៅជុំវិញប្រាសាទផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃខ្ទមសំណាក់ធម៌របស់យាយជីតាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ ប្រហែលជាសាងសង់តាំងពីសម័យបារាំង ។

ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា៖

1-ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះមានសំណើមច្រើនគ្រប់ពេលវេលា។ សំណើមនេះ បានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀត ធ្វើឱ្យថ្មមានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ។

2-ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោម នៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀម ធ្វើឱ្យពុកផុយលែងរឹងមាំ ដែលជាហេតុបណ្ដាលឱ្យគ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជាអន្លើៗ ។

3-រុក្ខជាតិ ជាមូលហេតុសំខាន់មួយដែរដែលធ្វើឱ្យប្រាសាទហែកបាក់ធ្លាក់ដោយឫសវាបានចាក់ចូលទៅក្នុងមុខតំណថ្ម។ ពេលណាឫសធំឡើងវាធ្វើឱ្យហើបប៉ើងថ្មបាក់ធ្លាក់ ។

4-សត្វក៏ជាមូលហេតុដែរ ។ ប្រចៀវដែលចូលទៅរស់នៅក្នុងប្រាសាទហើយជុះនោមអាចម៍ដែលមានជាតិប្រៃហូរធ្លាក់តាមជញ្ជាំងប្រាសាទក៏ធ្វើឱ្យថ្មពុកផុយដែរ ។

5-ក្រៅពីការបំផ្លាញដោយធម្មជាតិសត្វក៏នៅមានមនុស្សដែលជាហេតុនាំឱ្យប្រាសាទត្រូវខូចខាតដែរដូចជាការគាស់កកាយដាប់យករូបចម្លាក់ទៅលក់ឬក៏យកទីតាំងសម្រាប់ធ្វើសឹកសង្គ្រាម៕

ប្រភពមកពី eangsophalleth

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner