បច្ចុប្បន្នស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យ

ដោយ៖ម៉ាដេប៉ូ

ភ្នំពេញ៖គិតរហូតមកដល់ពេលបច្ចុប្បន្ននេះស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែមានចំនួនច្រើនឡើងបន្តបន្ទាប់ ដោយក្នុងនេះពួកគេមានការងារសមរម្យដែលប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសមរម្យជាបន្តបន្ទាប់។

          នេះជាការថ្លែងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

          បញ្ជាក់ក្នុងពិធីនេះឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ រួមមាន (១) ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, (២) ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព  និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ប្រកបដោយចីរភាព តម្លាភាព និងសមធម៌, និង (៣) សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងដែរថា សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលអំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាពក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីបានបន្តឱ្យដឹងថា អង្គការអន្តរជាតិខាងការងារ (ILO) តែងតែគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ក៏ដូចជាកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលជាការចាំបាច់ ធានាឱ្យមានវឌ្ឍនភាពដែលអាចវាស់វែងបាននៅកម្រិតប្រទេស សំដៅសម្រេចគោលដៅការងារសមរម្យសម្រាប់ស្រ្តី បុរស យុវជន និងក្រុមជនងាយរងគ្រោះ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner