អគ្គនាយកដ្ឋានគាំពារបរិស្ថានបង្ហាញពីការប្តេជ្ញាចិត្តលើកកម្ពស់បរិស្ថាននិងចូលរួមទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០អគ្គនាយកដ្ឋានគាំពារបរិស្ថានបានបង្ហាញពីការប្តេជ្ញាចិត្តចូលរូមកិច្ចការពារបរិស្ថានស្អាតនិងបៃតង សំដៅទ្រទ្រង់ជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពសម្រាប់ ប្រជាពល រដ្ឋគ្រប់រូប និងគ្រប់ជំនាន់។
ក្នុងបទបង្ហាញនាពិធីនេះដែរ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃ ក្រសួងបរិស្ថានបានបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបនាកន្លងមក។ក្នុងនេះឯឧត្តមក៏បានលើកឡើងពីដំណោះស្រាយ និងកិច្ចខិតខំបន្តកិច្ចការងារនាឆ្នាំ២០២១ខាងមុខផងដែរ។
ជាមួយគ្នាអគ្គនាយកដ្ឋាននេះក៏បានដាក់ទិសដៅ និងផែនការយុទ្ធសាស្រ្តដើម្បីខិតខំអនុវត្តឱ្យសម្រេចបានជោគជ័យលើការងារអាទិភាព ដូចខាង ក្រោម៖
– បានរៀបចំគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងធ្វើវិសោធនកម្មអនុក្រឹត្យចំនួនពីរ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន និងរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួនពីរ ស្តីការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការអនុវត្តវិធានស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន សំដៅពង្រឹងកិច្ចគាំពារបរិស្ថាន លើកកម្ពស់សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍដោយចីរភាព
– បានតាមដានគុណភាពទឹកសាធារណៈតាមតំបន់គោលដៅរាជធានី ខេត្ត និងតាមប្រភពបំពុលដោយបានយកសំណាកមកវិភាគចំនួន ២០៣សំណាក ដើម្បីវាយតម្លៃពីគុណភាពទឹក និងចាត់វិធានការទប់ស្កាត់ការបំពុលឱ្យបានទាន់ពេលវេលា
– បានតាមដានគុណភាពខ្យល់សាធារណៈ និងបំពាក់ឧករណ៍តាមដានបន្ថែមចំនួន១១ទីតាំងនៅរាជធានី ខេត្ដ ដើម្បីវាយតម្លៃពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា និងផ្សព្វផ្សាយជូនសាធារណៈជន
– បានចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រភពបំពុលចំនួន១៣០ទីតាំង ដោះស្រាយបណ្តឹងបានចំនួន៤៩ករណី ពិន័យបទល្មើស ៩ករណី និងជំរុញការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិការបញ្ចេញផ្សែង សំណល់រាវពីប្រភពបំពុលសំខាន់ៗចំនួន ២០ទីតាំង
– បានធ្វើការកម្ទេចសំណល់សារធាតុគីមីពីអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគីរី ចំនួន១២មុខ ស្មើនឹង ១៦.៨៧១ គ.ក
– បានពង្រឹង តាមដាន និងវាយតម្លៃការអនុវត្ដមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រព័ន្ធលូនិងប្រព្រឹត្តកម្មទឹកកខ្វក់ និងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថានដែលបានផ្តល់ជូនក្រុងទាំង២៧
– បានបំពាក់ឡដុតសំរាមចំនួន១៦ទីតាំងសំខាន់ៗ បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងសិក្ខាសាលាដល់ក្រុង ស្រុក ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងការកាត់បន្ថយសំណល់ប្លាស្ទិកដល់សាធារណជន និងរាជធានី ខេត្តគោលដៅ
– បានចូលរួមធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ពីដើមខ្សែដល់ចុងខ្សែ
– បានជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងជំរុញការបង់មូលនិធិបរិស្ថាន និងសង្គម តាមច្បាប់តម្រូវ
– បានពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់អតិថិជន ទាក់ទិននឹងការផ្តល់លិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ ផ្សែង ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រួតពិនិត្យ និងការធ្វើអធិការកិច្ចប្រភពបំពុល
– បានបំពេញកាតព្វកិច្ចក្នុងការអនុវត្តអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិ តំបន់ និងទ្វេភាគីនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន។ក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្រ្តីធ្វើការវាយតម្លៃច្ពស់ដល់អគ្គនាយកដ្ឋាន។
ជាកិច្ចឆ្លើយតបនិងក៏ដូចជាការផ្តល់អនុសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់អគ្គនាយកដ្ឋានគាំពារបរិស្ថានត្រូវពង្រឹងសមត្ថភាព ក៏ដូចជាកែទម្រង់នូវចំណុចខ្វះខាតឱ្យកាន់តែប្រសើរឡើង។ក្រៅពីនេះក៏ត្រូវបន្តរៀបចំលិខិតបទដ្ឋានគតិយុទ្ធ ហើយត្រូវឱ្សស្របតាមកាវិវត្តន៍របស់សង្គមនិងសេដ្ឋកិច្ចប្រទេសជាតិ។ជាមួយគ្នាក៏ត្រូវសហការជាមួយដៃគូផ្សេងៗដើម្បីពង្រឹងសមត្ថភាព ក៏ដូចជារកការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ត្រូវចូលរួមអនុវត្តនូវ គោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ទៅថ្ងៃអនាគត៕