លោក ចូ បៃដិន ការពារវេជ្ជបណ្ឌិត ហ្វូស៊ី ក្រោយលោក ដូណាល់ ត្រាំ គំរាមបណ្តេញលោកពីការងារ
អាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានការពារលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងបណ្តេញអ្នកឯកទេសជំងឺឆ្លងជាន់ខ្ពស់អាមេរិករូបនេះចេញពីការងារ នៅក្រោយការបោះឆ្នោត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ថ្លែងនៅក្នុងកម្មវិធីជួបជុំមួយនៅទីក្រុង ក្លេវើលែន រដ្ឋអូហាយយ៉ូ ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ចូ បៃដិន និយាយថា ខ្ញុំមានគំនិតល្អមួយ… បោះឆ្នោតអោយខ្ញុំ ហើយខ្ញុំនឹងជួយលោកវេជ្ជបណ្ឌិត ហ្វូស៊ី ហើយពួកយើងនឹងបណ្តេញលោក ដូណាល់ ត្រាំ ពីតំណែងវិញ ។
ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ នៅចំពោះមុខក្រុមអ្នកគាំទ្រលោកក្នុងទីក្រុង Opa-locka ក្នុងរដ្ឋ Florida បាននិយាយថា រូបលោកអាចនឹងបណ្តេញវេជ្ជបណ្ឌិត ហ្វូស៊ី ចេញពីតំណែងជានាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងអាមេរិក នៅក្រោយការបោះឆ្នោត ៕