ក្រសួងបរិស្ថានបង្ហាញពីទិសដៅអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២១
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបង្ហាពីសមិទ្ធផលការងារឆ្នាំ២០២០និងការលើកទិសដៅការងារឆ្នាំ២០២១ថាក្រសួងកំពុងពង្រឹង ក៏ដូចជាការអភិវឌ្ឍន៍តំបន់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីសម្រេចឱ្យបាននៃចក្ខុវិស័យរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថាអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារអភិវឌ្ឍន៍មូលដ្ឋាន និងសហគមន៍ តំបន់ការពារ ធម្មជាតិ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្ស ធនធាន ធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ។
ថ្លែងនៅក្នុងបទបង្ហាញនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានដាក់ទិសដៅសម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០២១ ដល់សហគមន៍មូលដ្ឋានសំខាន់ៗដូចជា៖រៀបចំស្នើសុំកញ្ចប់ថវិការាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការរបស់បណ្តាញ។បន្តរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការបណ្ដាញ៣ដងក្នុង១ឆ្នាំដោយផ្សារភ្ជាប់ទៅការពង្រឹងកិច្ចប្រជុំបណ្តាញ ទាំងបីតំបន់។ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីក្នុងនាយកដ្ឋានជំនាញទាំងបី និងមន្ត្រីការិយាល័យ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៅតាមមន្ទីរ បរិស្ថាន និងមន្ត្រីអន្តរវិស័យថ្នាក់ស្រុក។ព្រមជាមួយគ្នានឹងបង្កើនយន្តការក្រុមការងារជីវភាពសហគមន៍ ទេសចរណ៍ធម្មជាតិដែលត្រូវបានរៀបចំឱ្យ មានការជួបប្រជុំរៀងរាល់៣ខែម្តងដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ រវាងអ្នករៀបចំគោលនយោបាយ និងអ្នកអនុវត្តនៅទីវាល។
ឯកឧត្តមបានបញ្ជាក់ដែរថានឹងបង្កើននិងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងគោលដៅបង្កើនប្រសិទ្ធភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែលចូលរួមចំណែកក្នុង ការដាក់សម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ។សម្របសម្រួលនិងពង្រឹងកិច្ចសហការជាមួយវិស័យឯកជនដើម្បីជំរុញច្រវាក់ តម្លៃ ពីកសិដ្ឋាន ឬទីតាំងផលិតមកដល់តុបាយ ឬអ្នកប្រើប្រាស់។ព្រមជាមួយគ្នានឹង
ជំរុញអនុវត្តទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ ដើម្បីបង្កើនគោល ដៅទេសចរណ៍ធម្មជាតិថ្មីៗ ជូនទេសចរក្នុងស្រុក និងអន្តរជាតិ។
ព្រមជាមួយគ្នានេះ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានបញ្ជាក់បន្ថែមថា នឹងបង្កើតនិងអនុវត្តយន្តការត្រួតពិនិត្យការអនុវត្តគម្រោងទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ដើម្បីធានាសុវត្តិភាព និង ស្តង់ដាទេសចរណ៍។ជំរុញការសិក្សាស្រាវជ្រាវនិងដាក់បញ្ចូលទីតាំងបេតិភណ្ឌសម្រាប់ជាទិសដៅនិងជម្រើសរបស់ភ្ញៀវទេសចរណ៍។ចងក្រងនិងផ្សព្វផ្សាយព័ត៌មានស្តីពីរបៀងទេសចរណ៍ធម្មជាតិដើម្បីចែកចាយនិងផ្សព្វផ្សាយជាសាធារណៈជាពិសេសភ្នាក់ងារទេសចរណ៍។
ឆ្លើយតបទៅនឹងទិសដៅការងារក៏ដូចជាទិសដៅអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននេះដែរ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសក្នុងវិស័យបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអភិរក្សធនធានធម្មជាតិដែលយើងមាន ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់ជំនាន់តទៅមុខទៀត៕