ប្រវត្តិប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុទឹកឆា !!
ប្រាសាទព្រះធាតុទឹកឆាសាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០២៥) ដែលមានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នាគឺភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆានេះ ។
ប្រាសាទព្រះធាតុឬវត្តព្រះធាតុទឹកឆា បើតាមឈ្មោះបុរាណនៃប្រាសាទដែលហៅថា «គុកព្រះធាតុឬវត្តព្រះធាតុ» នៅត្រង់កន្លែងទឹកឆានេះ ។ ពាក្យ «ទឹកឆា» នេះទៀតក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ «សិលាចារឹកនៅប្រទេសកម្ពុជា» របស់លោក ហ្ស-សឺដែស (Inscriptiondu Cambodgepar G.Cœdès) សរសេរកំណត់ឈ្មោះកន្លែងនេះថា «វត្តព្រះធាតុនៅទឹកឆា» (VatParhThatdeTuk-C’a) ។
ដើម្បីនឹងយកជាសំអាងយើងតែងនិយាយតាមសិលាចារឹកមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិនាក្រុងភ្នំពេញសព្វថ្ងៃ ។ សិលាចារឹកនេះនៅមានរូបរាងល្អស្អាត អក្សរនៅច្បាស់ជាបន្ទះក្រាស់ កម្ពស់១ម៉ែត្រ (មិនគិតជើងតម្កល់) ទទឹងមុខ០.៥០ម៉ែត្រ កំពូលលើមានឆ្លាក់ជារូបព្រះគណេស ។ អក្សរចារឹកមានទាំងសងខាងគឺម្ខាងមាន២៣បន្ទាត់ ជាភាសាសំស្ក្រឹត និងម្ខាងទៀតមាន១៦បន្ទាត់ជាភាសាខ្មែរ ។
សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហរឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃទីកន្លែងនេះ ។ សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើងតាំងពី មហាសករាជ៩៤៧ស័ក (គ.ស.១០២៥) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ។ កាលនោះព្រះរាជាទ្រង់ទទួលប្រោសព្រះរាជទាន តាមសេចក្ដីក្រាបបង្គំទូលស្នើរអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ «ជង្ឃាល» ហើយដែលមានសន្មតនាមមួយទៀតថាលក្ស្មិន្ទ្របណ្ឌិត ។ លោកជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថាសិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ) មានទំនងស្រឡះល្អក៏ទូលស្នើចំពោះព្រះរាជាសុំទីនេះ ធ្វើជាអារាមសម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់សម្រាប់រៀបចំកន្លែងនេះទុកជាស្នាដៃដ៏សំខាន់ផង ។
គ្រានោះព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមសេចក្ដីសុំ ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាលឬលក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើងតាមកម្លាំងព្រះរាជទ្រព្យ និងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុក លុះត្រាតែបានហើយស្រេចសព្វគ្រប់ តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។ នៅក្នុងប្រាសាទធំមានតម្កល់សិវលិង្គមួយ នៅកណ្ដាលសន្មតនាមលិង្គនោះថា «ស្រីភទ្រេស្វរៈ» និងទេវរូបពីរអមសងខាងមួយមាននាមថា «បរមេស្វរៈ» មួយទៀតថា «សរស្វតិ» ។
ចំពីមុខទិសខាងកើតមានគុហាមួយទៀត ជាទេវស្ថានមានទំហំតូចដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរកប់ក្នុងព្រៃ ក្បែរប្រឡាយទឹកជ្រោះមានតែស៊ុមទ្វារមួយនៅសល់ គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះ ។ ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្ដាំ នៃប្រាសាទឲ្យឈ្មោះថា «លក្ស្មិន្ទ្រដាក» ហើយប្រតិស្ថានលិង្គមាសមួយតម្កល់នៅកណ្ដាលស្រះផង ។ព័ទ្ធជុំវិញនៃទីបរិវេណនេះមានការរៀបចំបានជាស្រុកភូមិមួយយ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅជួបជុំកុះករគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះបរិយាកាសក្រុងថ្មីនេះឯងក៏បានជាសភាពអ៊ូអរឡើង ។
ក្រោយដែលរៀបចំរួចស្រេចលក្ស្មិន្ទ្របណ្ឌិតបាននាំព័ត៌មានចូលក្រាបបង្គំទូលព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះយ៉ាងមហោឡារិក នៅក្នុងមហាសករាជ៩៤៧ស័ក (គ.ស.១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។ ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធានជាប្រដាប់ប្រើប្រាស់, ពួកពលព្រះ២៩នាក់, ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធីឬ ជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង ។ មិនតែប៉ុណ្ណោះព្រះអង្គបានប្រោសព្រះរាជទាននាមទីកន្លែងនេះថា «លក្ស្មិន្ទ្របថ» ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង ។ សេចក្ដីហូរហែដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទនិងទីកន្លែងទឹកឆា ៕
ប្រភពមកពី eangsophalleth