រមណីយដ្ឋានកសិទេសចរណ៍ ជ្រលងភ្នំក្រហម រាយមន្តស្នេហ៍ស្វាគមន៍ភ្ញៀវទាំងជិតទាំងឆ្ងាយ
ខេត្តកំពត៖ ដោយសារមានអំណោយផលល្អពីធម្មជាតិរួចស្រេចទៅហើយ នៃបណ្តុំទេសភាពតំបន់ភ្នំលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រមាណ៣០ហិកតានោះ រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម ដែលមានទេសភាពធម្មជាតិពិតៗ និងមានទីលម្ហែកាយច្រើនកន្លែងបែបទីជនបទ ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរទាំងទីជិតឆ្ងាយជិត២ឆ្នាំមកហើយ ។
រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត និងនៅចំតំបន់មុំ៣នៃព្រំប្រទល់ស្រុកចំនួន៣គឺ ស្រុកកំពង់ត្រាច ស្រុកដងទង់របស់ខេត្តកំពត និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រចេញពីរង្វង់មូលព្រះនារាយណ៍ដៃ៨មកគឺចូលតាមច្រកផ្លូវក្រួសក្រហម នៃផ្លូវភ្នំវល្លិ៍ ។
លោក ម៉េង ឡុង ប្រធានគ្រប់គ្រងទីផ្សារនៃរមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម បានបង្ហើបឲ្យដឹងពីការកកើត និងសេវាកម្មនានាថា៖ «ទីនេះមានទីតាំងល្អដោយលាតសន្ធឹងនៅលើវិសាលភាព នៃផ្ទៃដីប្រមាណ៣០ហិកតាឯណោះ ដែលម្ចាស់រីសតបានរៀបចំជាគម្រោងបង្កើតឡើង ដើម្បីឲ្យក្លាយជាទីរមណីយដ្ឋាន និងលម្ហែកាយបែបប្រភេទជាកសិទេសចរណ៍តែម្តង ។
ចាប់តាំងពីបើកដំណើរការបណ្តើរៗមកនោះមកដល់ខែសីហានេះ គឺមានរយៈពេលជាង១ឆ្នាំហើយ គឺយើងបានចាប់ផ្តើមបើកទទួលភ្ញៀវតាំងពីដើមឆ្នាំ២០១៨មក ។ បើតាមគម្រោងការទៅថ្ងៃមុខនោះ គឺយើងមានផែនការបង្កើតទីកន្លែងកម្សាន្តជាច្រើន តែពេលនេះយើងទើបតែមានសេវាកម្មខ្លះៗដូចជា ទីកន្លែងបោះជំរំ ជិះកង់ឡើងភ្នំ ថ្មើរជើងឡើងភ្នំ ជិះទូកលេងកម្សាន្ត និងស្ទូចត្រី ការទស្សនាចម្ការម្រេច ចម្ការស្វាយ ចម្ការតាង៉ែន ចម្ការបន្លែផ្លែឈើ និងសួនផ្កាធម្មជាតិ ទស្សនាកសិដ្ឋានចិញ្ចឹមមាន់ ទា និងគោ ការជិះត្រាក់ទ័រមានសណ្តោងរ៉ឺម៉ក (Trailer) កន្លែងមើលទេសភាពថ្ងៃលិច និងថ្ងៃរះ និងមានសកម្មភាពកម្សាន្តផ្សេងៗទៀតផងដែរ» ។
ប្រធានគ្រប់គ្រងទីផ្សាររូបនេះបន្តថា៖ «សម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះមានលក្ខណៈចុះឬឡើងទៅតាមរដូវកាល ។ ចាប់ពីចន្លោះខែតុលាដល់ខែធ្នូ ជារដូវកាលសម្បូរភ្ញៀវច្រើន ខណៈចាប់ពីខែមករាដល់កញ្ញា(រដូវវស្សា) ជារដូវកាលរាងខ្សត់ភ្ញៀវបន្តិច ។
នារដូវកាលសម្បូរភ្ញៀវបងប្អូនទេសចរនិយមសកម្មភាពបោះតង់ ដោយការបោះតង់ យើងក៏មានសេវាកម្មជួលតង់ផងដែរ ដូចជាតង់តូចអាចគេងបាន២នាក់តម្លៃ១២ដុល្លារ គេង៤នាក់តម្លៃ១៥ដុល្លារ និងគេងបាន១០នាក់តម្លៃ៥០ដុល្លារ ក្នុងរយៈពេល១យប់ និងក្រៅពីនោះយើងក៏មានសេវាកម្មស្នាក់នៅ ដូចជាប្រភេទហូមស្តេ (Home-stay) គេង១យប់តម្លៃ២០ដុល្លារ និងផ្ទះបង់ហ្គាឡូ (Bungalow) ១យប់តម្លៃ៥០ដុល្លារ ។
ចំណែកសេវាកម្មសម្រាប់ការចូលទស្សនាទីកម្សាន្តនានានៅតំបន់រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមវិញ សម្រាប់ទេសចរខ្មែរតម្រូវឲ្យបង់ប្រាក់ម្នាក់តម្លៃ២ពាន់រៀល ខណៈទេសចរបរទេសម្នាក់បង់ប្រាក់១ដុល្លារ ហើយម៉ោងបើកឲ្យចូលទស្សនាវិញចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច ។
ចំណែកឯម្ហូបអាហារវិញភ្ញៀវអាចធ្វើការកុម្ម៉ង់បានទៅតាមចំណូលចិត្ត និងអាចសាកសួរតម្លៃបានសម្រាប់មុខម្ហូបនានា ៕
ប្រភពមកពី eangsophalleth