ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ សម្ពោធដាក់ឲ្យប្រើប្រាស់ យុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣

អត្ថបទដោយ៖
ជា សេឌី

យុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ (២០១៩-២០២៣) ត្រូវបានប្រកាស ដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ វិច្ចិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ មានមតិស្វាគមន៏ និងធ្វើបទបង្ហាញសង្ខេបស្តីពីយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហា រូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ រួចមក, តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៏នានា បានឡើង ថ្លែងនូវការអបអរសាទរចំពោះការដាក់ឲ្យប្រើប្រាស់យុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ នាពេលនេះ ដែលជាឯកសារតម្រង់ទិសដ៏សំខាន់ក្នុងការកែលំអរសុខភាពប្រជាពលរដ្ឋ ពិសេសស្រ្តីមានផ្ទៃពោះ និងកុមារ តាមរយៈការធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបទសង្គម ការរស់នៅ និងរបបអាហារប្រកប ដោយគុណភាព។

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានវាយតម្លៃ ខ្ពស់ចំពោះជោគជ័យនៃការអនុវត្តយុទ្ឋសាស្រ្តជាតិលើកទី១ (២០១៤-២០១៨) និងបន្តអនុវត្ត យុទ្ឋសាស្ត្រជាតិលើកទី២ (២០១៩-២០២៣) ដើម្បីបញ្ជប់ភាពស្រេកឃ្លាន និងធ្វើឲ្យប្រសើរ នូវសុខភាពប្រជាពលរដ្ឋ ពិសេសភាពក្រិសក្រិនរបស់កុមារ និងសុខភាពស្ត្រីមានផ្ទៃពោះ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ ហើយក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ  សូមគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយុទ្ឋសាស្ត្រជាតិនេះ ឲ្យទទួលបានជោគជ័យ។

 ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ អង្គការដៃគូអភិវឌ្ឍន៏នានា គ្រឹះស្ថានសិក្សា វិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក្នុងការកសាងយុទ្ឋសាស្ត្រ ជាតិសន្តិសុខស្បៀង អាហារូបត្ថម្ភ លើកទី២ (២០១៩-២០២៣) ដ៏មានសារៈសំខាន់នេះ។  ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលស្គាល់សារៈសំខាន់នៃការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ឋិរបស់បុគ្គលម្នាក់ៗ ក្នុងនោះសម្តេចក៏បានគូសបញ្ជាក់ថា ដំណោះស្រាយពាក់ព័ន្ឋនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែឆ្លើយតបទៅនឹងគោលនយោបាយនានាជាអទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ រួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនថែមទៀតផង។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាការងារអន្តរស្ថាប័ន មានគោលការណ៏គ្រឹះដល់ការអភិវឌ្ឍន៏មូលធនមនុស្ស ដែលមានសុខភាពល្អ និងចំណេះដឹងទូលំទូលាយ ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ច។

 រាជរដ្ឋាភិបាល បានរំលេចសន្តិសុខស្បៀង និងអាហារូត្ថម្ភ នៅក្នុងយុទ្ឋសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ឋភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នំា២០៥០ និងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៏ជាតិ ២០១៩-២០២៣, គោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ ពិសេសគោលដៅទី២ គឺ “បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបាននូវសន្តិសុខស្បៀង លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ និងកសិកម្មប្រកបដោយចីរភាព”។

          ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់មតិមួយចំនួន ដែលជាការងារជាក់ស្តែង ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងអង្គការដៃគូ សម្រាប់បន្តដឹកនាំសម្របម្រួល ក្នុងនោះទី១. ត្រូវរៀបចំប្រជុំជាទៀតទាត់ក្នុងកំរិតបច្ចេកទេស និងនយោបាយ ក្នុងការតាមដានត្រួតពិនិត្យ និងវាយតំលៃវឌ្ឍនភាពនៃការអនុវត្តយុទ្ឋជាតិលើកទី២នេះ, ទី២. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ត្រូវសហការជាមួយអង្គការដៃគូ និងក្រសួងស្ថាប័នពាក់ព័ន្ឋ ដើម្បីយកអនុសាសន៏ដ៏ខ្ពស់ខ្ពស់ទាំង៦ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើផែនការសកម្មភាពជាក់ស្តែងឲ្យមានសង្គតិភាពដល់ការអនុវត្តយុទ្ឋសាស្ត្រជាតិនេះ ឲ្យមានប្រសិទ្ឋភាព ស័ក្តិសិទ្ឋិភាព គណនេយ្យភាព និងតម្លាភាព, ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner