លោក Mitch McConnell ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧
អាមេរិក៖ លោក Mitch McConnell ដែលជាប្រធានក្រុមសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋ បន្តជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧ ខណៈលោក McConnell បានផ្ដួលគូប្រជែងមកពីបក្សប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក Mitch McConnell ដែលជាសម្ព័ន្ធមិត្តមួយរូបរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលបាន១.១លានសំឡេង ឬ៥៨ភាគរយ ឈ្នះលោកស្រី Amy McGrath មកពីគណបក្សប្រជាធិបតេយ្យដែលទទួលបានត្រឹមតែ៧សែន៣ម៉ឺនសំឡេង ឬ៣៨ភាគរយ ។ លោក McConnell នឹងបន្តជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Kentucky ដោយមានអាណត្តិរយៈពេល៦ឆ្នាំទៀត ។
លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាបង្ហាញថា បក្សប្រជាធិបតេយ្យទទួលបាន៤៣អាសនៈ ចំណែកបក្សសាធារណៈរដ្ឋទទួលបាន៣៨អាសនៈ ។ ចំណែកអាសនៈចំនួន២០ទៀតកំពុងតែបន្តរាប់សន្លឹកឆ្នោត ។ អាសនៈដែលដាក់ឲ្យប្រជែងក្នុងការបោះឆ្នោតលើកនេះមាន៣៥ក្នុងចំណោមអាសនៈសរុប១០០ ។
នៅឯសភាតំណាងវិញ សមាជិកទាំងអស់មានចំនួន៤៣៥រូប នឹងត្រូវធ្វើការបោះឆ្នោតសារជាថ្មី ។ សមាជិកសភាតំណាងមានអាណត្តិ២ឆ្នាំ ។ បើតាមលទ្ធផលបណ្ដោះអាសន្នដែលចេញផ្សាយដោយកាសែត New York Times នោះ បក្សសាធារណរដ្ឋបានអាសនៈ៨៤ រីឯប្រជាធិបតេយ្យបាន៦១អាសនៈ ៕