រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ថា៖ កម្ពុជាមានវិស័យសំខាន់ចំនួន៤ សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តម Peter Szijjarto បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ច នាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលអនាគត។ ឯកឧត្តមបានបន្តថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃ GDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។ ឯកឧត្តមបានជម្រាបថា កម្ពុជាមានវិស័យ សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត ទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤- ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ ត្រង់ចំណុះនេះ ឯកឧត្តមបានជម្រាបជូនថា កន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សាចំនួន១៥នាក់រៀងរាល់ឆ្នាំ ។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំ សម្រាប់ ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។ ពិតថាតួលេខនេះនៅមានកម្រិតទាប ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីបានសម្តែង នូវសុទិដ្ឋិនិយម ថាតាមរយ:ឯកឧត្តម Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជាពិសេសកិច្ច ព្រមព្រៀង អនុស្សរណ នៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងនាំមកនូវ ការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត ហើយភាគី កម្ពុជានឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឲ្យមាន ប្រសិទ្ធភាព និងទទួលបាន ប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ ចំពោះអាហារូបករណ៍ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតខ្មែរទៅបន្តការសិក្សានៅហុងគ្រី ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍លើវិស័យកសិកម្ម ដែលត្រូវពាំនាំមកនូវបច្ចេកវិទ្យាទំនើប ថ្មីៗដែលទទួលបានពីហុងគ្រី ជូនដល់ដៃអ្នកផលិតផ្ទាល់ ដើម្បីចូលរួម អភិវឌ្ឍវិស័យ កសិកម្មកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗទាំង ៤ខាងលើ ឲ្យចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ ពីចុះហត្ថលេខានៅរសៀលថ្ងៃនេះរួច។
ជាការឆ្លើយតប ឯកឧត្តម Peter Szijjarto បានឯកភាពថា នឹងជំរុញការងារនេះឲ្យបានលឿន និងរលូនស្របសតាមសភាពការជាក់ស្តែង៕