សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនប្រដាប់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ៦០០លានដុល្លារ

អាមេរិក៖ ក្រសួងការបរទេសអាមេរិកនៅថ្ងៃអង្គារនេះប្រកាសថា សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះដ្រូនប្រដាប់អាវុធធុន MQ-9 Reaper ចំនួន០៤គ្រឿងទៅឲ្យកោះតៃវ៉ាន់ ដើម្បីជួយបង្កើនសមត្ថភាពការពារខ្លួនរបស់កោះនេះ ខណៈការទិញ-លក់ចុងក្រោយនេះ កាន់តែដុតបញ្ឆេះកំហឹងប្រទេសចិនបន្ថែមទៀត នេះបើតាមសារព័ត៌មាន អាហ្ស៊ាហ្ស៊ីរ៉ា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ការទិញ-លក់យន្តហោះដ្រូនខាងលើនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធមួយកញ្ចប់មានតម្លៃ៤.២ពាន់លានដុល្លាររវាងអាមេរិក និង កោះតៃវ៉ាន់ ដោយរួមមានកាំជ្រួចប្រឆាំងនាវាមុជទឹក Harpoon កាំជ្រួចបណ្តែតបាញ់ចេញពីអាកាសធុន SLAM-ER បច្ចេកវិទ្យាស៊ើបការណ៍ពីអាកាស និង ទម្របាញ់រ៉ុក្កែតចល័ត ។

បើតាមក្រសួងការបរទេសអាមេរិក ការលក់យន្តហោះដ្រូនតម្លៃ៦០០លានដុល្លារនេះ នឹងជួយដល់អាជ្ញាធរតៃវ៉ាន់អោយធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីរក្សាសមត្ថភាពការពារខ្លួនដែលអាចជឿទុកចិត្តបាន ។

បន្ថែមលើនេះ វាក៏នឹងជួយរក្សាស្ថិរភាពនយោបាយ និងតុល្យភាពយោធានៅក្នុងតំបន់ ។ ការលក់នេះ រួមមានយន្តហោះដ្រូនចំនួន០៤គ្រឿង ស្ថានីយលើដី និងគ្រឿងបរិក្ខាស៊ើបការណ៍ និងទាក់ទង តែមិនមានគ្រាប់បែក ឬកាំជ្រួចបំពាក់ទេ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner