ផែនការលុបចោលកម្មវិធីការពារជនអន្តោប្រវេសន៍ DACA របស់លោក ដូណាល់ ត្រាំ ត្រូវបានតុលាការកំពូលអាមេរិកបដិសេដ
សហរដ្ឋអាមេរិក៖ តុលាការកំពូលអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេដ ផែនការរបស់លោក ដូណាល់ ត្រាំ ដែលមានគោលបំណងលុបចោលកម្មវិធី DACA ដែលផ្តល់ការការពារដល់ «Dreamer» ឬជនអន្តោប្រវេសន៍ប្រមាណ៧០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
បន្ថែមលើនេះ តុលាការកំពូលអាមេរិកថែមទាំងបានហៅគម្រោងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរថា ជាការសម្រេចចិត្តដែលធ្វើឡើងតាមតែទំនើងចិត្ត ហើយមិនសមហេតុសមផលអ្វីបន្តិចនោះទេ ។ កម្មវិធី DACA នេះ ត្រូវបានបន្សល់ទុកមកពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ដែលបានប្រកាសវាកាលពីឆ្នាំ២០១២ ។
កាលនោះ លោក អូបាម៉ា បាននិយាយថា រដ្ឋាភិបាលលោកនឹងមិនចាប់ខ្លួន ឬបណ្តេញជនអន្តោប្រវេសន៍ទាំងនេះ ដែលកំពុងធ្វើការនៅក្នុងប្រទេសលោកឡើយ ខណៈអ្នកទាំងនេះក៏ចូលរួមចំណែកក្នុងសហគមន៍របស់ពួកគេដែរ ហើយគោរពច្បាប់ត្រឹមត្រូវ ដូចគេឯងដែរនោះ ។ កម្មវិធី DACA បានអនុញ្ញាតឲ្យពួកជនអន្តោប្រវេសន៍ទាំងនេះ អាចចុះឈ្មោះជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យបំពេញការងារដោយស្របច្បាប់ បើទោះបីជាពួកគេកាលពីក្មេងបានចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ដោយសារតែឪពុកម្តាយក៏ដោយ ៕