ច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដ៏ចម្រូងចម្រាស់ បញ្ជូនទៅកាន់គណៈកម្មាធិការកំពូលក្នុងសភាចិនហើយ
ចិន៖ សេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាជាតិប្រជាជនចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយគណៈកម្មាធិការនេះ នឹងត្រូវជួបប្រជុំរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីនេះ មានបញ្ជាក់លម្អិតពីការដាក់ទោសទណ្ឌ និងការកំណត់និយមនៃបទឧក្រិដ្ឋចំនួន០៤ ក្នុងនោះរួមមានសកម្មភាពផ្ដាច់ខ្លួន សកម្មភាពភេរវកម្ម ទង្វើក្បត់រួមដៃជាមួយបរទេស និងសកម្មភាពវិទ្ធង្សនា ។
ប៉ុន្តែទន្ទឹមគ្នានេះ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យចិនបញ្ឈប់ជាបន្ទាន់ផែនការអនុម័ត ឬដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដោយបញ្ជាក់ថា វានឹងបំផ្លាញដល់សេរីភាព និងប្រជាធិបតេយ្យរបស់ប្រជាជនក្រុងហុងកុង ៕