សំលៀកបំពាក់បុរាណខ្មែរ មានការចាប់អារម្មណ៍ខ្លាំង នាសម័យកាលបច្ចុប្បន្ន
យុវវ័យ កុមារ មហាជនគ្រប់ស្រទាប់វណ្ណៈ បានងាកមកចាប់អារម្មណ៍សំលៀកបំពាក់បែបបុរាណខ្មែរ ដូចជាសម័យចេនឡា សម័យមហានគរ សម័យចតុមុខ សម័យលង្វែក សម័យឧដ្តុង ជាដើម។ សំលៀកបំពាក់បែបបុរាណ មើលទៅពិតជាស្រស់ស្អាត គួរអោយចង់គយគន់។
អតីត Miss queen tourism international 2013 កញ្ញាចាន់ ស្រីរ័ត្ន បានសម្តែងចំណាប់អារម្មណ៍ថា កញ្ញ ពិតរំភើបរីករាយដែលបានគ្រងនូវសំលៀកបំពាក់បុរាណខ្មែរ និងសូមសរសើរស្នាដៃកូនខ្មែរ ដែលបានច្នៃម៉ូតសំលៀកបំពាក់ និងគ្រឿងអលង្ការល្អឥតខ្ចោះ តាមចម្លាក់អប្សរា លើជញ្ចាំងប្រាសាទអង្គរវត្ត។ កញ្ញាចាន់ ស្រីរ័ត្ន សូមផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមការងារ ភួងមាល័យបាយសីខ្មែរ ដែលបានខិតខំ សិក្សាស្រាវជ្រាវ អំពីអ្វីដែលជាមរតកខ្មែរ និងច្នៃជាសំលៀកបំពាក់ និងគ្រឿងអលង្ការបែបបុរាណខ្មែរ ដើម្បីបង្ហាញអោយយុវវ័យ និងគ្រប់ស្រទាប់មហាជនបានឃើញ បានស្គាល់ និងបានថតរូបទុកជាអនុស្សាវរីយផងដែរ។
កញ្ញាចាន់ ស្រីរ័ត្ន បានសំណូមពរអោយយុវជនទាំងអស់ បន្តជួយគាំទ្រ សើកស្ទួយ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសយើង បានបន្សល់ទុក និងជួយផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដើម្បីអោយពិភលោកបានស្គាល់។
តាមជញ្ជាំងប្រាសាទបុរាណ គេឃើញមានចម្លាក់ក្បូរក្បាច់នានា បង្កប់នូវវប្បធម៌ អរិយធម៌ សិល្បៈ របៀបរស់នៅ ភាសា សាសនា បង្ហាញទៅតាមជំនាន់នីមួយៗ។ សំលៀកបំពាក់បុរាណខ្មែរ ត្រូវបានគេឃើញយកមកស្លៀកពាក់ ក្នុងពិធីមង្គលការ ពិធីបុណ្យនានា វង់ភ្លេងបុរាណ របាំបុរាណ និងពិធីសាសនាផងដែរ។ បច្ចុប្បន្ននេះ គេឃើញមានហាងថតរូបមួយចំនួន បានសហការជាមួយអ្នកច្នៃម៉ូតបែបបុរាណ បានច្នៃម៉ូតតាមសម័យកាលនីមួយៗ ដោយយកគំរូតាមចម្លាក់លើប្រាង្គប្រាសាទបុរាណខ្មែរ៕