សមាជិកបក្សសាធារណរដ្ឋមួយចំនួនរិះគន់លោក ដូណាល់ ត្រាំ ក្រោយចោទប្រកាន់ដោយគ្មានភស្តុតាងថា បក្សប្រជាធិបតេយ្យបានលួចបន្លំសន្លឹកឆ្នោត
អាមេរិក៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា សមាជិកបក្សសាធារណរដ្ឋមួយចំនួននៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានធ្វើការរិះគន់ចំៗលើលោក ដូណាល់ ត្រាំ ក្រោយប្រធានាធិបតីអាមេរិករូបនេះបានចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់ អំពីការព្យាយាមលួចសន្លឹកឆ្នោតរបស់ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ ។
សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណៈរដ្ឋនៅក្នុងរដ្ឋផ្លរីដា លោក ម៉ាកូ រូប៊ីយ៉ូ បានបង្ហោះសារនៅលើ Twitter ថា បើសិនបេក្ខជនណាមួយជឿជាក់ថា រដ្ឋណាពិតជាបានរំលោភច្បាប់បោះឆ្នោតមែននោះ ពួកគេមានសិទ្ធិប្តឹងទៅកាន់តុលាការជាមួយនឹងភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេ ។
លោកសង្កត់ធ្ងន់ថា ការចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីរាប់សន្លឹកឆ្នោតដែលស្របច្បាប់មិនមែនជាការបន្លំនោះទេ ហើយការប្រជែងគ្នានៅក្នុងតុលាការ ដើម្បីស្វែងរកសុក្រិតភាព ចំពោះសន្លឹកឆ្នោតដែលត្រូវបានបោះរួចនោះ ក៏មិនត្រូវបានរាំងខ្ទប់នោះដែរ ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានបង្ហាញភស្តុតាងថា ការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្នមានន័យសម្រាប់លោកថា ការបោះឆ្នោតនេះត្រូវបានគេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិកបោះតាមប្រៃសណីយ៍ ។ លោក ត្រាំ សង្កត់ធ្ងន់ថា ប្រសិនបើរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលជ័យជម្នះយ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ៕