មេខ្យល់នាំជនជាតិវៀតណាមមួយក្រុមលួចឆ្លងដែនមកកម្ពុជា ជួបគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់មនុស្ស៧នាក់របួស៥នាក់នៅស្រុកជីក្រែង
សៀមរាប៖ សមត្ថកិច្ចឲ្យដឹងថា ជនជាតិវៀតណាមមួយក្រុមលួចឆ្លងដែនពីខេត្តត្បូងឃ្មុំមកខេត្តសៀមរាប បានក្រឡាប់រថយន្តដោយខ្លួនឯងបណ្តាលឲ្យស្លាប់ មនុស្សប្រុស ស្រី ចំនួន៧នាក់ និងរបួស៥នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតក្នុង ភូមិ ស្ពានត្នោត១ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះចរាចរនេះបង្ករឡើងដោយខ្លួនឯង ដែលមានរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A៨៤៦៩ បើកបរដោយ ជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នករួមដំណើរជនជាតិ វៀតណាម១១នាក់ ប្រុស ០៦នាក់ស្រី០៥នាក់ មកពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តសៀមរាប ដើម្បីរកការងារធ្វើ។
សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្តាល ឲ្យស្លាប់ មនុស្ស០៧នាក់ ស្រី០៣នាក់ និងរបួសស្រាល០៥នាក់។សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបើយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីបើកបរក្នុងស្ថានភាព ងងុយដេក និង មានល្បឿនលឿន។បច្ចុប្បន្ន សមត្ថកិច្ចចម្រុះបានធ្វើកោសល្យវិច័យ និងបានដឹកសាកសពទៅភ្នំពេញ។
រីឯអ្នករបួសត្រូវបានដឹកយកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។នៅក្នុងករណីនេះដែរ សមត្ថកិច្ចនៅមិនទាន់បង្ហាញលម្អិតនៅឡើយ ដោយសារកំពុងសយរនាំ និងរកមេខ្យល់សិន ហើយនៅលើខ្លួនជនរងគ្រោះគ្មានលិខិតឆ្លងដែននោះទេ។ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា ជនជាតិវៀតណាម១ក្រុមនេះអាចលួចឆ្លងដែនខុសច្បាប់៕