នាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា លោកពេញចិត្តនឹងចេញពីតំណែង បើសិនមានមនុស្សម្នាក់គ្រាន់បើជាងលោកចូលមកជំនួស
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា លោករីករាយនឹងអោយមនុស្សគ្រាន់បើជាងម្នាក់ ចូលជំនួសរូបលោកជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ហើយថា រូបលោកនឿយណាយនឹងការប្រើអំណាចរបស់លោក នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងអំឡុងពេលធ្វើជាវាគ្មិននៅពិធីបើកកម្មវិធីសិក្សាមួយ នៅឯមហាវិទ្យាល័យការពារជាតិថៃ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា លោកមិនដែលរំពឹងថា បានក្លាយជានាយករដ្ឋមន្ត្រីទេ ហើយភ្ញាក់ផ្អើលដែរដែលបានស្ថិតក្នុងតំណែងនេះអស់ពេល៦ឆ្នាំ តែមនុស្សជាច្រើនថា ខ្ញុំប្រើអំណាចខុសច្បាប់ ខ្ញុំអត់ដឹងថា ខ្ញុំបានរំលោភច្បាប់ត្រង់ណា… ខ្ញុំធ្វើតាមច្បាប់ទាំងអស់ ។ នាឱកាសនោះដែរ លោក ប្រាយុទ្ធ បានស្នើសុំអោយប្រជាជនថៃជួយជំរុញឯកភាពជាតិ និងថា យុទ្ធសាស្ត្រជាតិ២០ឆ្នាំ មិនមានន័យថា លោកចង់ក្រាញនៅក្នុងអំណាច២០ឆ្នាំទេ លោកថា ខ្ញុំអាចស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក គ្មាននរណាដឹងទេ ។
ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានធ្វើឡើងចំពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប្តេជ្ញាថា នឹងចេញមកប្រឆាំងតវ៉ាជាថ្មីនៅទីក្រុងបាងកក នៅថ្ងៃអាទិត្យនេះ ហើយបានធ្វើការទាមទារចំនួន០៣ចំណុចជាថ្មី គឺលោក ប្រាយុទ្ធ ចុះចេញពីតំណែង, សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកែទំរង់របបរាជានិយម ៕