ឯកឧត្តម ថោង ខុន បញ្ជាក្រុមការងារបក្សស្រុកបារាយណ៍ និងតាំងគោកពន្លឿនការជួសជុលផ្លូវ និងចែកស្រូវពូជជូនកសិករបង្កបង្កើនផលបន្ត
កំពង់ធំ៖ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានបញ្ជាដល់ក្រុមការងារបក្សក្នុងមូលដ្ឋានស្រុកទាំងពីរត្រូវសហការគ្នាពន្លឿនការស្ដារ និងជួសជុលផ្លូវ-ថ្នល់ដែលរងការខូចខាតដោយសារទឹកជំនន់ ព្រមទាំងត្រូវត្រៀមស្រូវពូជ និងពូជដំណាំផ្សេងទៀតចែកជូនប្រជាកសិករសម្រាប់ការបង្កបង្កើនផលបន្តទៅមុខទៀត។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំការងារប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជា ជាមួយប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ប្រធានគណបក្សតាមឃុំ ភូមិ និងក្រុមការងារគណបក្សក្នុងមូលដ្ឋានស្រុកទាំងពីរ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកបារាយណ៍។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់ប្រធានគណបក្សស្រុកទាំងពីររួចមក ឯឧ ថោង ខុន បានដាក់ចេញអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការងារគណបក្ស ព្រមទាំងការងារស្ដារ និងជួសជុលប្រព័ន្ធហេដ្ឋាសម្ពន្ធនានាដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីពេលកន្លងទៅ។
ក្នុងនោះដែរ ឯកឧត្តម បានណែនាំឱ្យខិតខំចូលរួមក្នុងការជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ផ្លូវ ថ្នល់ជាដើម ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់។ ត្រូវសហការជាមួយក្រុមមន្ត្រី និងអ្នកជំនាញដែលចុះទៅបំពេញកិច្ចការងារនេះ ស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯឧ បានបញ្ជាឱ្យក្រុមការងារត្រូវធ្វើរបាយការណ៍ឱ្យច្បាស់អំពីផ្លូវដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់។ ត្រូវកៀរគរចលនាប្រជាពលរដ្ឋចូលរួមជួសជុលផ្លូវដែលរងការខូចខាតតិចតួច ហើយប្រសិនបើផ្លូវណារងការខូចខាតធ្ងន់ធ្ងរ ត្រូវទំនាក់ទំនងមកក្រុមការងារគ្រឿងចក្រសម្ដេចតេជោដែលប្រចាំការនៅមណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥។
ក្រៅពីនេះ ត្រូវខិតខំស្វែងរកទីតាំងប្រភពដីក្រហម ត្រៀមគ្រឿងចក្រ និងសម្ភារបរិក្ខារនានា ដើម្បីយកទៅកសាងផ្លូវ ថ្នល់ ដែលរងការខូចខាតដោយសារទឹកជំនន់នោះ។
ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តម ថោង ខុន បានបន្តណែនាំឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់លើបញ្ហាចែកស្រូវពូជ និងពូជដំណាំផ្សេងទៀតជូនប្រជាពលរដ្ឋដែលរងគ្រោះ និងរងការខូចខាតដោយសារទឹកជំនន់ផងដែរ ខណៈរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក និងមន្ទីរកសិកម្មក៏កំពុងត្រៀមចុះចែកជូនប្រជាពលរដ្ឋនាពេលខាងមុខ។
នាពេលខាងមុខនេះទៀតសោត ឯឧនឹងនាំក្រុមហ៊ុនកសិកម្មរបស់ជប៉ុនមកជួយជំរុញដល់ការដាំដុះបន្លែនៅខេត្តកំពង់ធំនេះ ដើម្បីជំរុញឱ្យវិស័យកសិកម្មក្នុងខេត្តឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើនចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ចំពោះការងារទប់ស្កាត់ជំងឺកូវីដ-១៩ ឯឧ ប្រធានបានណែនាំឱ្យក្រុមការងារគណបក្សត្រូវបន្តខិតខំការពារទប់ស្កាត់រលកទីពីរនៃការឆ្លងរីករាលដាលជំងឺកូវីដ អនុវត្តនូវវិធានសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលមិនទាន់រួចផុតពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។
ចំពោះការងារគណបក្សវិញ ឯឧ បានណែនាំឱ្យខិតខំពង្រឹង និងពង្រីកសមាជិកគណបក្សឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមនាំជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។ ដើម្បីជំរុញឱ្យកិច្ចការនេះសម្រេចទៅបាន ឯឧ បានណែនាំបន្ថែមឱ្យរៀបចំសន្និបាតយុវជននៅមូលដ្ឋាន ក្នុងទិសដៅពង្រឹងការងារយុវជនឱ្យកាន់តែរឹងមាំថែមទៀត៕