អង្គការសុខភាពពិភពលោកកោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក ក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងប្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។ នេះបើតាមលិខិតរបស់លោកតេត្រូ អ៊ែតហនូម ហ្គេប្រយ៉េសស៊ុស អគ្គនាយកអង្គការសុខភាពពិភលោក ផ្ញើជូន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា។
ក្នុងលិខិតនេះ លោកតេត្រូ បាន កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយលោកបញ្ជាក់ថា លោករីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក។
ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា នេះ បានអំពាវនាវតាមបណ្តាញសង្គមរបស់លោក ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជាមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ៕