ក្រសួងអប់រំសម្រេចបិទស្តាតអូឡាំពិក មិនឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណជាបណ្តោះអាសន្ន
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចបិទជាបណ្តោះអាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនឲ្យមានសកម្មភាពចេញ-ចូល លេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននោះទេ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី៨ខែវិច្ឆិកានេះថា ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សរួមដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គិល៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថា ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ៕