ក្រសួងការងារផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅភ្នំពេញនិងទីរួមខេត្តកណ្តាល
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នៅថ្ងៃយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅភ្នំពេញនិងទីរួមខេត្តកណ្តាលជាបណ្តោះអាសន្នសិន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែលបានបញ្ជាក់ដល់ នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បុគ្គលិក មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និង សាធាណជនទាំងអស់ពី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការជាតិ និង អន្តរជាតិ ទាំងអស់នៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល ត្រូវផ្អាក ការបណ្តុះបណ្តាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយឬអនឡាញ(ONLINE)។វិធានការនេះគឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈនិងការរីករាលដាលក្នុងសហគមន៍៕