លោក ចូ បៃដិន ដាក់ចេញផែនការក្រោយចូលកាន់តំណែង បើទោះបីលោក ដូណាល់ ត្រាំ មិនទាន់ព្រមចុះចាញ់
អាមេរិក៖ ក្រោយទទួលបានសារអបអរពីសំណាក់មេដឹកនាំពិភពលោកជាបន្តបន្ទាប់ មួយថ្ងៃក្រោយការប្រកាសជោគជ័យក្នុងការបោះឆ្នោតនោះ លោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស បានបង្កើតវេបសាយសម្រាប់ដំណើរការផ្ទេរអំណាចមួយ ដែលមានឈ្មោះថា BuildBackBetter.com នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
គេហទំព័រដែលប្រែជាភាសាខ្មែរថា «ស្តារភាពជាអ្នកដឹកនាំអាមេរិក» នេះ បានដាក់ចេញគោលដៅអាទិភាពចំនួន០៤យ៉ាងសម្រាប់អនាគតរដ្ឋបាលលោក ចូ បៃដិន ដោះស្រាយ ក្នុងនោះរួមមានបញ្ហាជំងឺ Covid-19 ការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ សមធម៌ពូជសាសន៍ និងពណ៌សម្បុរ ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ ។ លោក បៃដិន មានផែនការបង្កើតក្រុមការងារមួយមានសមាជិក១២នាក់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ដើម្បីដោះស្រាយជំងឺ Covid-19 ។ បន្ថែមលើនេះ លោក បៃដិន ក៏បានប្រកាសពីគម្រោងចូលជាសមាជិកឡើងវិញក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ ។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏នឹងដាក់ចេញបញ្ជាប្រតិបត្តិលុបចោលបម្រាមគោចរដែលលោក ត្រាំ ដាក់លើបណ្ដាប្រទេសកាន់សាសនាឥស្លាមមួយចំនួនធំ ក៏ដូចជាផ្លាស់ប្ដូរការសម្រេចចិត្តដែលដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ផងដែរ ។ សូមជម្រាបថា លោក បៃដិន ដែលឈានចូលវ័យ៧៨ឆ្នាំនាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នឹងក្លាយជាមនុស្សមានអាយុចាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកដែលជាប់ឆ្នោតជាប្រធានាធិបតី ។ ចំណែកអ្នកស្រី ហារីស បច្ចុប្បន្នមានវ័យ៥៦ឆ្នាំ ដែលជាសមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រនីញា នឹងក្លាយជាស្ត្រីដំបូង និងជាជនជាតិស្បែកខ្មៅកាត់អាស៊ីខាងត្បូងទីមួយដែលជាប់ឆ្នោតជាអនុប្រធានាធិបតីអាមេរិក ៕



