ទោះជួបបញ្ហាកូវីដ១៩ វៀតណាមនាំចេញអង្ករ១០ខែ កើនដល់ជាង៥លានតោន តម្លៃ២.៦ពាន់លានដុល្លារ
ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទនៃប្រទេសវៀតណាមបានចេញផ្សាយ នៅថ្ងៃចន្ទ ទី៩ វិច្ឆិកា ២០២០នេះថា ក្នុងពេល១០ខែដំបូងនៃឆ្នាំ២០២០កន្លងមកនេះ វៀតណាមបានចេញអង្ករទៅក្រៅប្រទេសបានជិត៥.៣លានតោន កើនឡើង៨.២ភាគរយ បៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ហើយចំណូលវិញ បានជាង២.៦ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពឲ្យដឹងទៀតថា កាលពីខែតុលា វៀតណាមនាំចេញបាន៣០ម៉ឺនតោន រកចំណូលបាន១៦១លានដុល្លារអាមេរិក។ ក្នុងខែនេះដែរ តម្លៃអង្ករវៀតណាមឡើងថ្លៃ ប៉ុន្តែការផ្គត់ផ្គង់ជួបញ្ហាខ្លះៗ ព្រោះតែបញ្ហាទឹកជំនន់។ ប្រទេសធំៗដែលបញ្ជាទិញអង្ករពីវៀតណាម មានដូចជាចិន ម៉ាឡេស៊ី និងហ្វីលីពីន។
គួរបញ្ជាក់ដែរថា វៀតណាមបានចាប់ផ្តើមនាំចេញអង្ករជាធម្មតាវិញ កាលពីខែឧសភា ឆ្នាំ២០២០ ពោលគឺបន្ទាប់ពីបណ្តោះអាសន្ន កាលពីខែមីនា ដើម្បីធានាសន្តិសុខស្បៀង អំឡុងការរីករាលដាលនៃជំងឺកូវីដ១៩។
កាលពីឆ្នាំ២០១៩ វៀតណាមបាននាំចេញអង្ករបាន៦.៣លានតោន រកចំណូលបាន២.៨ពាន់លានដុល្លារអាមេរិក ហើយវៀតណាមមានផែនការនាំចេញ ៦.៧លានតោន ក្នុងឆ្នាំ២០២០ នេះបើតាមសមាគមអាហារវៀតណាម៕