សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា ការប្រកួតប៉េតង់ពាន «គរុគុណ» អាចជ្រើសរើស អត្តពលិកដែលមានសមត្ថភាពពិត សម្រាប់ឆ្ពោះទៅ ស៊ីហ្គេម ២០២៣
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាសង្ឃឹមថា ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ពិតជាមានសារៈសំខាន់ណាស់ ដែលជាការំឭកដល់ស្ថានិបសំខាន់ៗ ដែលបានជួយជ្រោមដល់កីឡាប៉េតង់ឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃនេះ ក៏ដូចជាបង្កើតឱកាសដល់កីឡាករ កីឡាការិនីបានពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតនានានាពេលខាងមុខ ជាពិសេសគឺការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា ជាមួយនឹងការខិតខំរួមគ្នាគ្រប់សមាសភាពភាគីពាក់ព័ន្ធទាំងអស់បានជំរុញឲ្យវិស័យកីឡាប៉េតង់កម្ពុជាត្រូវបានទទួលស្គាល់ និងការកោតសរសើរ បានកសាងនូវកិត្យា នុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធអន្តរជាតិជាច្រើន ជាបន្តបន្ទាប់ ។

ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអោយដឹងថា គោលបំណងនៃការប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ នេះ គឺដើម្បីជាការរំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃៗទៀត ដែលបានខិតខំជំរុញឲ្យកីឡាប៉េតង់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។

យោងតាមលទ្ធផល របស់គណៈកម្មការបច្ចេកទេស រៀបចំការប្រកួតបានឲ្យដឹងថា ជ័យលាភីលើវិញ្ញាសាចំនួន៨នេះ រួមមាន៖ ពានធំបុរស (៣ទល់៣) លេខ១ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី។ ពានសមាគម (៣ទល់៣) លេខ១ យោធិភូមិភាគពិសេស ។ យុវនារីក្រោម១៨ឆ្នាំ (២ទល់២) លេខ១ ក្រសួងមហាផ្ទៃ ។ យុវនារីក្រោម១៥ឆ្នាំ (១ទល់១) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី ។ យុវជនក្រោម១៥ឆ្នាំ (១ទល់១) លេខ១ បានទៅកីឡាករ វឿន លាភ សមាគមកីឡាខេត្តកណ្តាល។ ពានធំនារី (៣ទល់៣) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី ។ យុវជនក្រោម១៨ឆ្នាំ (៣ទល់៣) លេខ១ ក្លឹបទីស្តីការគណៈរដ្ឋមន្ត្រី ។ វ័យចាស់៥៥ឆ្នាំ (៣ទល់៣) លេខ១ មន្ទីរអប់រំ ខេត្តស្វាយរៀង ៕