សម្តេចតេជោ ថ្លែងថា លទ្ធផលធ្វើតេស្ដលើកទី២ សម្ដេច និងភរិយា ព្រមទាំងអ្នកនៅជាមួយ អវិជ្ជមានកូវីដ-១៩ ទាំងអស់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ ថា៖ លទ្ធផល គឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល ។ សម្ដេចបញ្ជាក់ថា ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា ។

សារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ ដែលខ្ញុំសូមដាក់ឈ្មោះថា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។

ព្រឹត្តិការណ៍ (៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំឲ្យមនុស្សកើនឡើង តម្រូវឲ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឲ្យកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឲ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឲ្យបានហ្មត់ចត់។

នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ឲ្យបានឆាប់តាមរយៈកុំឲ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឲ្យកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីត១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner