ក្រសួងអប់រំ៖ការប្រឡងឌីប្លូមនិងបាក់ឌុបនៅតែបន្តធ្វើពុំទាន់មានការផ្លាស់ប្តូរនៅឡើយទេ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ឯកឧត្តម រស់សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហៅឌីប្លូម និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបនៅតែបន្តធ្វើហើយក្រសួងពុំទាន់មានផែនការផ្លាស់ប្តូរនៅឡើយទេ។
គួរបញ្ជាក់ថាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំបែបនេះធ្វើឡើងខណៈពេលការប្រឡងឌីប្លូម និងបាក់ឌុបកាន់តែខិតជិតមកដល់ ហើយការរីករាតត្បាតនៃជំងឺកូវិដ-១៩ កើតមានបន្តបន្ទាប់ ពិសេសក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ហើយកម្ពុជាកំពុងទទួលរងផលប៉ះពាល់មួយចំនួនរួចមក។
គួរបញ្ជាក់ថាការប្រឡងឌីប្លូមនាឆ្នាំនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០និងការប្រឡងបាក់ឌុបនៅថ្ងៃទី២១-២២ ខែធ្នូឆ្នាំ២០២០ខាងមុខ។
ថ្លែងប្រាប់ AMS តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ ឯកឧត្តម រស់ សុវាចា បានឱ្យដឹងថាបើទោះបីការផ្អាកឬពន្យាពេលការប្រឡងរបស់សិស្សទាំងពីរថ្នាក់ខាងលើនេះក្រសួងមិនទាន់មានផែនការផ្លាស់ប្តូរក្តី ប៉ុន្តែពេលនេះក្រសួងនៅតែបន្តតាមដាន និងវាយតម្លៃស្ថានការវិវត្តទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ១៩ បន្តទៀត។
ជាមួយគ្នាមន្រ្តីនាំពាក្យក្រសួងអប់រំបានជំរុញឱ្យសិស្សានុសិស្សទាំងពីរគឺថ្នាក់ត្រូវប្រឡងឌីប្លូមនិងបាក់ឌុបត្រូវខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យនាថ្ងៃខាងមុខ។ក្រសួងនៅតែពង្រឹងគុណភាពដូចឆ្នាំមុនៗពោលគឺក្រសួងនៅតែអនុវត្តគោលការណ៍ធំៗចំនួន៤ដដែលគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងដល់សិស្សគ្រប់ជំនាន់បន្តទៀត។
គួររំលឹកថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹង ថាការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នៅតែតឹងរឹង ដោយគ្មានការបន្ថូរបន្ថយ លើវិញ្ញាសាប្រឡងឡើយ បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលយ៉ាងណាក្តី ។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ដែរថា ការរឹតបន្តឹងប្រឡងនេះ ក្នុងបំណងចង់ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ មានចំណេះដឹងពិតប្រាកដ ទទួលបាននិទ្ទេសល្អ មានបំនិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់ប្រទេស ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ដំណើរការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅតាមស្តង់ដាសុវត្ថិភាពខ្ពស់ ដោយកំណត់ឲ្យមានបេក្ខជនប្រឡងមិនឲ្យលើសពី២៥នាក់ក្នុងមួយបន្ទប់។ មុនចូលមណ្ឌលប្រឡងតម្រូវឲ្យសិស្សានុសិស្ស វាស់កំដៅ ពាក់ម៉ាស់ និងលាងដៃ ជាមួយទឹកអាល់កុល ឬសាប៊ូ មុនពេលចូលបន្ទប់ប្រឡង ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រសួងអប់រំនឹងទិញសម្ភារការពារ ដូចជាម៉ាស់ សាប៊ូលាងដៃ និងអាល់កុល សម្រាប់ដាក់នៅតាមមណ្ឌលប្រឡង។ ប៉ុន្តែសិស្សខ្លួនឯងក៏ត្រូវយកម៉ាស់ទៅជាមួយផងដែរ ដើម្បីការពារជំងឺឆ្លង៕