សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវជូនពលរដ្ឋ៣,៥០០គ្រួសារ

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះចែក ស្រូវពូជ និងអំណោយ ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា វត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋ ជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាក។

សម្ដេចក្រឡាហោម បញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើន ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner